រយ:ពេល ២ថ្ងៃមន្ត្រីជំនាញសាធារណៈការ និងដឹកជញ្ជូនចុះត្រួតពិនិត្យរថយន្តធុនធំជាង ១០០គ្រឿងលទ្ធផលរថយន្តស្ទើរតែទាំងអស់បានដឹកជញ្ជូនតាមច្បាប់កំណត់ចរាចរណ៍លើដងផ្លូវជាតិលេខ ៥៧។

ឯកឩត្តម ឯក រត្ន័ អនុរដ្ឋលេខាធិការក្រសួងសាធារណៈ និងដឹកជញ្ជូនបានប្រាប់អោយដឹងនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១នេះថា យុទ្ធនាការត្រង់ចំណុចដើមទីនេះ ត្រួតពិនិត្យលើយានយន្តធុនធំដែលដឹកជញ្ជូនទំនិញនានា ពិសេសរថយន្តដឹកជញ្ជូនស៊ីម៉ង់ ចេញពីក្រុមហ៊ុនផលិតស៊ីម៉ង់ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ បេសកកម្មខាងលើនេះ គឺជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកពាក់ពន្ធ័នឹងការដឹកជញ្ជូនលើសទម្ងន់ផ្ទុកដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់ រួមចំណែកក្នុងការសន្សំសំចៃថវិកាជាតិ ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់សុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ក្រៅពីនេះក៏បានជួយធានាឱ្យការប្រកួតប្រជែងដោយយុត្តិធម៌លើការដឹកជញ្ជូន និងការការពារបរិស្ថានផងដែរ។

បេសកកម្មនេះដែរ អនុវត្តសហការរវាងក្រុមជំនាញក្រសួងសាធារណៈ និងដឹកជញ្ជូន ជាមួយមន្ត្រីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងរួមជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀតត្រួតពិនិត្យវ៉ាស់ថ្លឹងរថយន្ត ដែលធ្វើចរាចរណ៍លើដងផ្លូវបានសរុបចំនួន ១០១គ្រឿង ក្នុងនោះរកឃើញរថយន្តផ្ទុកទម្ងន់លើសកំណត់ត្រឹមតែចំនួន ១គ្រឿងគត់ដែលល្មើសច្បាប់ហើយតម្រូវឱ្យធ្វើកិច្ចសន្យា. បញ្ឍប់ ណែនាំអប់រំ និងពិន័យជាប្រាក់នៅនឹងកន្លែងតាមផ្លូវច្បាប់។

ចំពោះរថយន្តដឹកជញ្ជូនទំនិញលើសច្បាប់អនុញ្ញាតិនេះ តម្រូវឱផាកពិន័យកំណត់ទៅតាមភាគរយនៃទម្ងន់ល្មើស ជាក់ស្តែងក្នុងករណីល្មើសចាប់ពី ៥-១០%ត្រូវពិន័យជាប្រាក់គុណនឹង១០ម៉ឺនរៀលក្នុង ១តោន ហើយចាប់ពី១០%ឡើងទៅដល់២០% តម្រូវគុណនឹងទឹកប្រាក់ចំនួន ២០ម៉ឺនរៀល និងល្មើសច្រើនធ្ងន់ធ្ងរជាង ២០%ត្រូវពិន័យគុណនឹង ៣០ម៉ឺនរៀលក្នុង១តោន និងត្រូវឃាត់រថយន្តនោះទុកចំនួន ១ឆ្នាំថែមទៀត។

ឯកឩត្តម ឯក រត្ន័ ក្រោមការដឹកនាំកិច្ចការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់បានបញ្ជាក់បន្ថែមថា៖ ក្នុងពេលដែលក្រុមការងារចុះត្រួតពិនិត្យនៅតាមគោលដៅនីមួយៗ ហើយអត្រាល្មើសបានថយចុះច្រើននេះ ឯកឩត្តម សង្ឃឹមថា ម្ចាស់យានយន្ត ឬម្ចាស់ក្រុមហ៊ុនទាំងអស់មានការយល់ដឹងខ្ពស់ពីច្បាប់ ជៀសវាងប្រការបានដឹងដំណឹងថាមន្ត្រីចុះមកត្រួតពិនិត្យបានសម្តែងរៀបចំធ្វើជាគោរពច្បាប់ត្រឹមត្រូវ ប៉ុន្តែក្រោយខ្នងនៅតែល្មើសមិនគោរពតាមច្បាប់ ផ្ទុយទៅវិញត្រូវមានឆន្ទៈចូលរួមចំណែកប្រើប្រាស់ផ្លូវថ្នល់ប្រកបដោយសេចក្តីស្រលាញ់ ថែរក្សាការពារទ្រព្យសម្បត្តិជាតិ និងចូលរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងកើតមានឡើងគួរឱ្យគាត់សំគាល់ផងដែរ ៕

អត្ថបទ៖ ដំបង ក្រញូង
កែសម្រួល៖ ប៊ិន ប៊ុណ្ណា

Share.