រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចែករំលែកព័ត៌មាន ក៏ដូចជាចម្ងល់មហាជនលើវិធានការបង្ក្រាបរបស់ អាជ្ញាធរ ដែលបានបង្ក្រាបកន្លែងចិញ្ចឹមមាន់ឈ្មោល និងកីឡាស្នូកឃ័រ និងកីឡាផ្សេងទៀត ដោយមិនឈរលើមូលដ្ឋានច្បាស់លាស់។
នៅលើផេករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរខ្លឹមសារ ដោយដកស្រង់ចេញពី លោក ផែង វណ្ណៈ ថា មានសព្វមានគ្រប់ហ្មង ចិញ្ចឹមមាន់ឈ្មោលក៏មិនបាន កីឡាស្នូកឃ័រក៏លេងមិនបាន បាល់ទះក៏លេងមិនបាន ខ្ញុំមឹនដឹងថា ពេលអស់លោកចុះទៅធ្វើកិច្ចសន្យា បញ្ឈប់គេមិនអោយធ្វើ អាជីវកម្ម សំអាងទៅលើច្បាប់អ្វីទេ ។

ទន្ទឹមនឹងបង្ហោះរូបភាពជាច្រើន ក៏មានកិច្ចសន្យាស្ដីពីការណែនាំបញ្ឈប់ការធ្វើជាមេល្បែងស៊ីសងភ្នាល់លុយគ្រប់ប្រភេទ ដូចជា បាល់ទះ ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

នៅលើទំព័រហ្វេសបុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានដកស្រង់សំណេររបស់ លោក ផែង វណ្ណៈ បានភ្ជាប់ឃ្លាចុងក្រោយថា សូមអរគុណណាស់ចំពោះ អាជ្ញាធរ និង សមត្ថកិច្ច ស្រុក សាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង ដែលបានខិតខំសស្រាក់សស្រាំយកអស់កម្លាំងកាយកម្លាំងចិត្ត អនុវត្តន៍ដោយម៉ឺងម៉ាត់បទបញ្ជារបស់ថ្នាក់លើ ។

កាលពីថ្ងៃទី១៧ ខែកញ្ញាកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានចេញបញ្ជាដាច់ណាត់ឱ្យអភិបាលខេត្ត អភិបាលរាជធានី និងមន្ត្រីមូលដ្ឋានជាច្រើនផ្សេងទៀតចាត់វិធានការឱ្យទាន់ពេលវេលាចេញបង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមតូប គុយទាវ ហាងការហ្វេផ្សេងៗ នៅតាមមូលដ្ឋាន។
«ខ្ញុំមិនស្ទាក់ស្ទើក្នុងការដកដំណែងអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន យើងមិនអាចបណ្ដោយឱ្យសភាពការណ៍បង្កឡើងបែបអានាធិបតេយ្យក្នុងបនល្បែងទៀតទេ ត្រូវតែម៉ឺងម៉ាត់ ត្រូវតែដាច់ខាត»។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បន្ថែម តាមរយៈសារសំឡេងជាង២០នាទី៕