សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈទំព័រហ្វេសប៊ុក បានបង្ហាញការកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្ រតាមការស្នើរអំពាវនាវរបស់សម្ដេច កាលពីថ្ងៃទីថ្ងៃ២៦ ខែតុលា ឆ្នាំ២០២២ នៅខេត្តកំពង់ឆ្នាំង។

ក្នុងពិធីចែកពូជស្រូវនិងអំណោយផ្សេងទៀតជូនពលរដ្ឋជិត៣៥០០គ្រួសារកាលពីថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារឱ្យសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំសង្កាត់ នៃគណបក្សភ្លើងទៀន នាំគ្នាចេញមុខឆ្លើយតប ឬថ្កោលទោសលោក សម រង្ស៉ី ដែលបានប្រមាថព្រះចេស្តាព្រះមហាក្សត្រ ខណៈបក្សនេះក៏ត្រូវបានសម្ដេចសម្គាល់ថាអាចជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ផងដែរ។

គណបក្សភ្លើងទៀនមានអតីភាពជាគណបក្សសម រង្ស៊ី នៅថ្ងៃនេះ បានចេញសេចក្ដីថ្លែងការណ៍បដិសេធថាខ្លួនមិនពាក់ព័ន្ធជាមួយលោក សម រង្ស៊ី និងបានបញ្ជាក់ជំហរ៤ចំណុច ជូនសាធារណជន ក្នុងន័យបង្ហាញការគោរពព្រះមហាក្សត្រ ថ្កោលទោសបុគ្គលប្រមាថព្រះមហាក្សត្រ គោរពរដ្ឋធម្មនុញ្ញ​ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងអះអាងថាខ្លួនធ្វើការងារដោយ និងសម្រេចចិត្តប្រកបដោយទំនួលខុសត្រូវ មិនស្ថិតក្រោមបង្គាប់បុគ្គលឬបក្សណាមួយនោះឡើយ។

សូមបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានចេញអធិបញ្ជាឲ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះលោក សម រង្ស៉ី។ លោក សម រង្ស៊ី ដែលនៅក្នុងវិដេអូមួយបាននិយាយថា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មិនមានមនសិកាជាតិ និងក្បត់ជាតិ។

បើតាមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ការថ្លែងបែបនេះរបស់លោក សម​ រង្ស៊ី គឺជាការបំពានមាត្រា៧ នៃរដ្ឋធម្មនុញ្ញដែលចែងថា«អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ» ហើយថាអំពើនេះក៏ត្រូវបានកំណត់ជាបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ ជាបទល្មើសព្រហ្មទណ្ឌមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ៕

Share.