ជំនួបតាមទូរសព្ទរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន អាចនឹងត្រូវធ្វើឡើងនាប៉ុន្មានថ្ងៃខាមុខ។ នេះបើតាមសម្ដេចតេជោបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកផ្ញើជូនជនរួមជាតិនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ។

សម្ដេចប្រមុខរាជរដ្ឋាភិបាលបានសរសេរបង្ហោះថា«ខ្ញុំនឹងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ»។ បើតាមសម្ដេច គម្រោងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនដ៏គួរឱ្យចាប់អារម្មណ៍នេះកំពុងស្ថិតក្នុងការសម្របសម្រួលតាមផ្លូវទូត ខណៈសម្ដេចក៏កំពុងមានភារកិច្ចអន្តរជាត្រូវដឹកនាំ និងចូលរួមផងដែរសម្រាប់ប៉ុន្មានខែមុនដំណាច់ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថាលទ្ធភាពនៃការជួបគ្នារវាងមេដឹកនាំកម្ពុជា និងអ៊ុយក្រែនតាមទូរសព្ទបង្ហើបឱ្យដឹងពីសម្ដេចតេជោនាពេលនេះ បានធ្វើឡើងក្នុងបរិបទកម្ពុជាក្នុងឋានៈជាប្រធានអាស៊ានកំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅអំឡុងដើមខែវិច្ឆិកាឆ្នាំ២០២២នេះ ខណៈរុស្ស៊ីជាប្រទេសដៃមួយរបស់គូអាស៊ាន នឹងអាចមានវត្តមានមកចូលរួមប្រជុំយ៉ាងហោចណាស់ក៏ប្រមុខការទូតដែរ។

គួររម្លឹកថា ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៅភ្នំពេញកាលពីខែសីហា ឆ្នាំ២០២២ អាស៊ានបានសេចក្ដី​ថ្លែងការណ៍​ទាមទារ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អ៊ុយក្រែន ហើយ​បង្កើត​បរិយាកាស​នៃ​ការ​ធ្វើ​ឲ្យ​មាន​ដំណោះស្រាយ។ កម្ពុជាវិញបានបង្ហាញជំហរមិនគាំទ្រប្រទេសរុស្ស៊ីឡើយ ទោះបីរដ្ឋមហាអំណាចមួយនេះជាមិត្តចាស់ធ្លាប់ជួយខ្លួនក៏ដោយ៕

Share.