បុរសជាជនសង្ស័យម្នាក់ បានលួចយកម៉ូតូមួយគ្រឿងពីនារីជាសង្សាររបស់ខ្លួន នៅពេលដែលនាចូលបន្ទប់ទឹកក្រោយពេលបាយជុំគ្នារួច ប៉ុន្តែជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនបានក្រោយពីជនរងគ្រោះប្រើល្បិចឲ្យមិត្តរបស់ខ្លួនផ្ញើសារទាក់ទងនិងណាត់ជួបជន សង្ស័យនៅថ្ងៃទី២៨ខែតុលាឆ្នាំ២០២២នេះ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ២១និង០០នាទីថ្ងៃទី១៦ខែតុលា ជនរងគ្រោះបានចេញពីធ្វេីការវិញហេីយងូតទឹកនិងហូបបាយជាមួយជនសង្ស័យ  (ជាគូរសង្សារ)  នៅបន្ទប់ផ្ទះជួលរបស់ជនរងគ្រោះនៅភូមិត្រពាំងប្រុយ  ឃុំបែកចាន  ។ ហូបបាយរួចហេីយជនរងគ្រោះបានចូលទៅក្នុងបន្ទប់ទឹក  ពេលនោះបានឮសូរសំលេងម៉ូតូជិះចេញទៅក្រៅ  ជនរងគ្រោះរត់ចេញទៅមេីល  ស្រាប់តែបាត់ជនសង្ស័យនិងម៉ូតូរបស់ខ្លួន ។ ជនរងគ្រោះគិតថា ជនសង្ស័យ ជិះម៉ូតូទៅមានការនៅខាងក្រៅហេីយ  ដោយមិនឃេីញត្រឡប់មកវិញ  យូរពេកជនរងគ្រោះបានតេទៅជនសង្ស័យតែមិនលេីកទូរស័ព្ទ  ជនរងគ្រោះក៏បា នចូលសម្រាន្ដ។

     រហូតដល់ថ្ងៃទី១៨  ខែតុលា  ឆ្នាំ២០២២  ជនរងគ្រោះក៏នៅបន្តទាក់ទងទៅជនសង្ស័យ  តែមិនបានដំណឹងក៏បានសម្រេចចិត្តមកដាក់ពាក្យដណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល  តាមនីតិវិធីច្បាប់។

     លុះរហូតមកដល់ថ្ងៃទី២៦  ខែតុលា  ឆ្នាំ២០២២  ជនរងគ្រោះ បានឲ្យពួកម៉ាកខ្លួនឆាតញ៉ែ រហូតណាត់ជួបគ្នានៅមុខវត្តបទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញវេលាម៉ោង ០៤:៣០ទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២២ ជនសង្ស័យ ក៏ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ  ចាប់ខ្លួនជនសង្ស័យ  និងប្រគល់ជូនកម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល  ។

ជនសង្ស័យដែលសត្ថកិច្ចចាប់ខ្លួនបានមានឈ្មោះ ឈ្មោះ ម៉ន  បារាំង  (ហៅអាទី) ភេទប្រុស អាយុ១៩ឆ្នាំ ជន ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅភូមិតាកេរ្តិ៍២ សង្កាត់កំបូល ខណ្ឌកំបូល  រាជធានី ភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ អុី  សឿន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ  ស្នាក់នៅបន្ទប់ ជួលភូមិត្រពាំងប្រុយ  ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងដែលសមត្ថកិច្ចចាប់ដកហូតបានរួមមាន៖ ១.ម៉ូតូ ០១គ្រឿង ម៉ាក Honda Beat  (ហុងដាប៊ីត) ពណ៌ ខៀវ-ស  ពាក់ផ្លាកលេខ ភ្នំពេញ  1IW-2405  ផលិតឆ្នាំ២០២១  ជារបស់ជនរងគ្រោះ។ ២.ទូរសព្ទ័ដៃ ០១ គ្រឿងម៉ាក  IPhone 6 plus ពណ៌ទឹកប្រាក់។

ក្រោយចាប់ខ្លួនបាន ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល  ដេីម្បីបន្តនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.