លោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្ហើបអំពីផែនការចំនួន ២ ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។
ជុំវិញព្រឹត្តិការណ៍ស៊ីហ្គេមលោក Keisuke Honda ថ្លែងដូច្នេះថា៖«វាពិតជាការប្រកួតដ៏សំខាន់សម្រាប់យើង។ ពិតណាស់ យើងនឹងព្យាយាមដើម្បីទទួលបានលទ្ធផលល្អ តែដូចដែលអ្វីខ្ញុំបាននិយាយ យើងគួរតែយល់ថា ការប្រកួតប្រជែងនេះវាលំបាកយ៉ាងណា ប៉ុន្ដែពិតណាស់ អ្វីៗអាចកើតឡើង មិនថាទល់នឹងថៃ ឬវៀតណាម។ យើងប្រហែលជាអាចឈ្នះ ទោះបីជាមានភាគរយតិច ដូច្នេះហើយទើបបានជាយើងព្យាយាមបង្កើនភាគរយ ទោះបីជា១ភាគរយ ក៏យើងត្រូវតែប្រឹង»។ អ្នកចាត់ការទូទៅសញ្ជាតិជប៉ុនរូបនេះ បានលើកឡើងពីផែនការទាំង២ថា៖«យើងមានផែនការ២ជាក់លាក់ ជាការត្រៀមសម្រាប់ស៊ីហ្គេម។
១. គឺយើងនឹងរៀបចំជំរំហ្វឹកហាត់ក្នុង និងក្រៅប្រទេសមុនស៊ីហ្គេមឆ្នាំក្រោយ។ យើងមានពេលដើម្បីអភិវឌ្ឍជាក្រុម ទាំងផ្នែកបច្ចេកទេស, កលល្បិច, កាយសម្បទា និងចិត្តសាស្រ្ត។
២. គឺការប្រើប្រាស់កីឡាករលើសអាយុ ពិតណាស់ប្រទេសដទៃប្រើប្រាស់បែបនេះដែរ។ ដូច្នេះយើងនឹងជ្រើសរើសកីឡាករពិសេសៗដែលលើសអាយុទាំងនេះគឺជាអ្វីដែលយើងកំពុងធ្វើ»។
យ៉ាងណាក៏ដោយ វាគ្រាន់តែជាការបង្ហើបខ្លះៗពីលោក Honda ប៉ុណ្ណោះ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ផ្លូវការទាំងស្រុងនោះទេ ខណៈដែលពេលនេះ លោក និងក្រុមការងារកំពុងតែផ្តោតអារម្មណ៍ខ្លាំងលើការរៀបចំក្រុមត្រៀមប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលនឹងចូលមកដល់នៅចុងខែធ្នូខាងមុខនេះ៕