«ទោះបីជាមានបញ្ហាប្រឈមចម្បងទាំងនេះ យ៉ាងណាក្តី ក៏អង្គប្រជុំបានឯកភាពថាអាស៊ានមិនគួរបាក់ទឹកចិត្ត ហើយគួរតែបង្កើនការប្ដេជ្ញាចិត្តបន្ថែម ទៀតដើម្បីជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី ឱ្យបានឆាប់បំផុត»។ នេះគឺជាសម្រង់ខ្លឹមសារនៅក្នុងសេចថ្លែងការណ៍ប្រធានអាស៊ានគឺកម្ពុជា ក្រោយកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ាន រៀបចំនៅលេខធិការដ្ឋានអាស៊ាន​ តាំងនៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

ការគូសបញ្ជាក់ខាងលើនេះ គឺបន្ទាប់អង្គប្រជុំ បានបង្ហាញការកត់សម្គាល់ថា ស្ថានការណ៍ជាក់ស្ដែងនៅតែមានភាពដុនដាប និងផុយស្រួយ ហើយនេះមិនមែនដោយសារកង្វះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់អាស៊ាន និងប្រេសិតពិសេសនោះទ ប៉ុន្តែដោយសារតែភាពស្មុគស្មាញ និងភាពលំបាកនៃជម្លោះអូសបន្លាយរាប់ទសវត្សរ៍របស់មីយ៉ាន់ម៉ា ដែលធ្វើឱ្យកាន់តែធ្ងន់ធ្ងរដោយវិបត្តិនយោបាយបច្ចុប្បន្ន។

បើតាមសេចក្ដីថ្លែងការណ៍ អង្គប្រជុំបានរំលឹកឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមុតមាំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពី មីយ៉ាន់ម៉ា។ ឯកឧត្តម ប្រាក់ សុខុន នៅតែប្តេជ្ញាចិត្តជំរុញអាទិភាពទាំង៣ដែលកម្ពុជាដាក់ចេញតាំងពេលចាប់ផ្តើមតួនាទីប្រធានអាស៊ាន គឺបញ្ឈប់ឬកាត់បន្ថយអំពើហិង្សា សម្របសម្រួលផ្ដល់ជំនួយមនុស្សធម៌ និងបង្កើតបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនានយោបាយរវាងភាគីពាក់ព័ន្ធ។

គួររម្លឹកថានៅមុនចាប់ផ្ដើមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ានខាងលើនេះ ប្រធានអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ  រួមទាំងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៊ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការ៉ែន និងសេចក្តីរាយការណ៍ថ្មីៗបំផុត ស្តីពីការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជនស៊ីវិលដែលបណ្តាលឲ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានដដែលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា «គួរតែដល់ពេលដែលយើងត្រូវធ្វើសកម្មភាពជាក់ ស្តែង ហើយអាស៊ានត្រូវចាប់ផ្ដើមសកម្មភាពរួមគ្នាដោយគោរពអធិបតេយ្យ បូរណភាពទឹកដី និងផល ប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ាជាស្នូល»។

សូមបញ្ចាក់ថា ដើម្បីធានាបាននូវការអនុវត្ត 5PC ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព និងការ បញ្ចប់ឲ្យបានឆាប់នូវវិបត្តិនយោបាយបច្ចុប្បន្នក្នុងប្រទេសមីយ៉ាន់ម៉ អង្គប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅលេខាធិការដ្ឋានអាស៊ាន បានពិភាក្សាអំពី អនុសាសន៍គន្លឹះដែលត្រូវដាក់ជូនប្រមុខដឹកនាំអាស៊ានពិចារណា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក ទី៤០ និង៤១ នាខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមសេចក្ដីថ្លែងការណ៍៕

Share.