ភ្នំពេញ៖ រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា លោកនឹងពិភាក្សាជាមួយក្រុមហ៊ុនចិនឱ្យបន្តអនុគ្រោះមិនយកថ្លៃលើអ្នកបើកបរនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រហូតដល់ចប់ពិធីបុណ្យអុំទូកខាងមុខនេះ។

នេះបើតាមតាលើកឡើងរបស់លោក ស៊ុន ចាន់ថុល ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

ជាមួយគ្នានេះលោកក៏នឹងពិភាក្សា និងសម្រួលជាមួយក្រុមហ៊ុនចិនថា តើអាចអនុគ្រោះនៅពេលមានពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដែលគ្រោងធ្វើនៅដើមខែធ្នូ ឆ្នាំ២០២២ ឬពិធីបុណ្យជាតិដទៃៗទៀត ឬយ៉ាងនាទេ​។

 លោកបានបញ្ជាក់ថា ក្នុងកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការ និងក្រុមហ៊ុនសាងសង់ចិន គឺបានកំណត់ច្បាស់ថាមានរយៈពេល ១ខែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី០១-៣១ ខែតុលា អនុញ្ញាតឱ្យពលរដ្ឋបើកបរតាមផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុដោយមិនគិតថ្លៃ។ តែយ៉ាងណាលោករដ្ឋមន្ត្រីសាធារណការបានបញ្ជាក់ថា លោកបានពិភាក្សាជាមួយក្រុមហ៊ុនចិននោះហើយក្នុងការបញ្ចុះតម្លៃសម្រាប់រថយន្តដឹកទំនិញដែលឆ្លងកាត់លើផ្លូវល្បឿនលឿន ខណៈសល់តែប៉ុណ្ណោះថ្ងៃទៀត នឹងផុតការអនុគ្រោះ។

លោករដ្ឋមន្រ្តីសាធារណការ បានអំពាវនាវឱ្យអ្នកដំណើរទំាងអស់កុំចតរថយន្តដើម្បីឈបថតរូបអនុស្សាវិរីយ៍នៅលើផ្លូវល្បឿនលឿននេះឱ្យសោះ ពីព្រោះវាអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ៕

Share.