លោក យូ ថនវណ្ណៈ ជាបុរសឯកតំណាងឱ្យកម្ពុជា ឬ Mister Grand Cambodia 2022 ដែលចេញទៅប្រកួត នៅលើវេទិការ Mister Grand International 2022 ដែលត្រៀមធ្វើឡើងនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ក្នុងប្រទេស ទ្រីនីដាដនិងតូបាហ្គោ (ទ្វីបអាមេរិចខាងត្បូង)។
បុរសឯកដ៏អស្ចារ្យតំណាងឱ្យកម្ពុជារូបនេះ មានកំពស់ ១៨៧ សង់ទីម៉ែត្រ និងមានទំងន់ ៨១ គីឡូ ថែមទាំងមានរូបរាងសង្ហា សាច់ដុំ ៦កង់ណែនៗតែម្ដង។ លោកទទួលបានការគាំទ្រខ្លាំងនៅពេលបញ្ចប់ការប្រកួតក្នុងកម្មវិធី Mister Supranational Cambodia បានជ័យលាភីរងលំដាប់ទី ១ និងក្លាយជា Mister Grand Cambodia 2022 តែម្ដង។
នៅក្នុងដំណាក់កាលបោះឆ្នោតនៅលើប្រព័ន្ធអនឡាញន៍ លោក យូ ថនវណ្ណៈ បានអំពាវនាវសុំឱ្យមហាជន និងអ្នកគាំទ្រស្រឡាញ់រូបលោកទាំងអស់ មេត្តាចំណាយថវិការបន្តិចបន្តួចជួយបោះឆ្នោតនៅលើគេហទំព័រ Mister Grand International ដើម្បីលោកបានទៅកាន់វគ្គកំពូល Top 6 ដោយស្វ័យប្រវត្តិ។
កន្លងមក បុរសឯករូបនេះធ្លាប់ប្រាប់អ្នកសារព័ត៌មានត្រយងថា លោករីករាយក្នុងការបំពេញការងារជា Mister Grand Cambodia 2022 ដោយលោកខិតខំប្រឹងប្រែងដុតខាត់សមត្ថភាពដើម្បីបំពេញឱ្យបានគ្រប់វញ្ញាសារដែលកម្មវិធីតម្រូវ។ ជាពិសេសលោកតាំងចិត្តយ៉ាងមុតមាំក្នុងការហាត់ដើរ ដូចជារបៀបដើរបង្ហាញរាងនៅលើឆាក ការសម្ដែងទឹកមុខ របៀបទាក់ទាញជាមួយកាមេរ៉ា និងការទាញចំណាប់អារម្មណ៍ពីគណៈកម្មការ។
គួររំលឹកដែរថា លោក យូ ថនវណ្ណៈ គឺជាតារាបង្ហាញម៉ូដអាជីពមានទីផ្សារខ្លាំងក្នុងការថតស្ប៉តពាណិជ្ជកម្ម និងដើរម៉ូដ ហើយលោកក៏ធ្លាប់ចូលរួមជាតំណាងឱ្យកម្ពុជានៃការប្រកួត Asia Model Festival 2015 នៅប្រទេសកូរ៉េ។ មិនត្រឹមតែមានទីផ្សារសិល្បៈល្អនោះទេ លោក យូ ថនវណ្ណៈ ក៏អាចនិយាយបាន ៤ ភាសា គឺចិន ថៃ អង់គ្លេស និងខ្មែរ៕