ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ចំណែក២នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្តហាយឡែនឌ័របើកបរដោយបុរសជនជាតិចិនបើកបុកកៀរម៉ូតូហុងដាឌ្រីមជិះគ្នា២នាក់ដឹកក្បឿង២ដុំ ទាក់ជាប់រថយន្តអូសទៅបុកកៀតម៉ូតូ ហុងដាឌ្រីមមួយគ្រឿងទៀត កំពុងជិះស្របទិស ខ្ទាតទៅបោកជាប់ពីក្រោមរបាដែក ផ្លូវល្បឿនល្បឿន បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ចំណែក២នាក់ទៀតរងរបួសស្រាល បែកក្បឿងរាយប៉ាយពេញផ្លូវ ឃើញសភាពមិនស្រួល ជនជាតិចិនរូបនោះរត់គេច ផ្អើលសមត្ថកិច្ចដេញតាមឃាត់មកវិញ ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅតាមមហាវិថីឈ្នះ ឈ្នះ ក្រោមស្ពានអាកាសផ្លូវល្បឿនលឿន ចំណុចភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AN-9863 បើកបរដោយបុរសជនជាតិចិន ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជ្រុលបុកកៀរម៉ូតូ ហុងដាឌ្រីម សេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1G-2698 ជិះគ្នា២នាក់ មានដឹកក្បឿង២ដុំផង ទាក់ជាប់អូស ជ្រុលទៅបុកកៀរម៉ូតូ ម៉ាកហុងដាឌ្រីម មួយគ្រឿងទៀត សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1N-9980 ខ្ទាតបោកចូលជាប់ពីក្រោមរបាដែកផ្លូវល្បឿនលឿន បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ។

ក្រោយកើតហេតុភ្លាមៗ ឃើញសភាពមិនស្រួល ជនជាតិចិនរូបនោះ រត់គេច ត្រូវបានកម្លាំងាមត្ថកិច្ចដេញតាមឃាត់នាំមកវិញ ។ ជនរងគ្រោះម្នាក់ត្រូវបាននាំទៅគ្លីនិកក្បែរនោះ ចំណែកមធ្យោបាយ រថយន្តមួយគ្រឿង និងអ្នកបើកបរផង ម៉ូតូ២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.