សង្គ្រាមរវាង Top Rapper របស់កម្ពុជាប្រហែលជាកើតឡើងសារជាថ្មីទៀតហើយ នៅពេលដែល King of Flow វណ្ណដា បានទម្លាក់គ្រាប់បែកបរមាណូមួយគ្រាប់យ៉ាងធំយប់មិញដោយប្រើចំណងជើងថា J+O II ដោយក្នុងបទថ្មីនេះអត្ថន័យហាក់ដៀលចំៗទៅកំពូលតារាចម្រៀងខ្ពស់សង្ហា G- Devith បែបមិនបណ្ដាក់មាត់ឬបញ្ឆិតបញ្ឆៀងទៀតនោះឡើយ។
កាលពីយប់មិញនេះអនាគតប៉ាប៉ា G-Devith បានចូលរួមជាតារាចម្រៀងកិត្តិយសនៅក្នុងកម្មវិធីប្រគំតន្ត្រីរបស់ក្រុមហ៊ុនទូរសព្ទស្មាត រួមជាមួយនឹងកំពូលតារាចម្រៀងខ្មែរ និងបរទេសជាច្រើនដួងទៀត។ វត្តមានតារាចម្រៀងរូបនេះនៅលើឆាកប្រគំតន្ត្រីពិតជាទាក់ទាញបាននូវចំណាប់អារម្មណ៍និងការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រដែលទៅទស្សនាផ្ទាល់ និងទស្សនាតាមរយៈការ Live ផ្ទាល់នៅលើបណ្ដាញ Social Media។
ដោយឡែក វណ្ណដា ដែលមិនធ្លាប់មានតម្រុយថានឹងបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ព្រោះតារារូបនេះទើបតែមានបទចម្រៀងថ្មី Featuring ជាមួយនឹង Rapper ថៃ OG Bobby «Bong» បែរជាបង្ហោះបទ J+O II របស់ខ្លួននៅលើឆាណែល (Channel) វណ្ណដា-Vannda Official ទៅវិញ។
មហាជនដែលបានស្ដាប់បទចម្រៀងរបស់ Vannda បានវិភាគថាបទ J+O II គឺជាបទចម្រៀងដែលតារាចម្រៀងមកពីដែនដីតារាសាគររូបនេះ ដៀលចំពោះអ្នកដែលធ្វើឱ្យចម្រៀងរបស់ខ្លួនបែកធ្លាយចេញទៅក្រៅ និងបាញ់ត្រង់ទៅ G-Devith បែបមិនបញ្ឆិតបញ្ឆៀង ដោយលើកយកអត្ថន័យខ្លះៗពីក្នុងចម្រៀងនោះមកវិភាគដូចជា៖
«Why you so J+O នៅមិនទាន់ចប់ Level ពួកនោះដេកភ័យ ពេលដែលឃើញលេខខ្ញុំស៊ីញ៉ូ តឱ្យអ្នកឯងបី ឱ្យអ្នកឯងស្ពៃដូចក្នុងមេក្រូ ស្ដាប់ហើយបែកញើស កាន់ស្បែកជើងរត់ចេញពីស្ទីតយ៉ូ … ព្រោះតែរាល់ថ្ងៃជួបតែពួកអាក្លែងក្លាយ មានអាមួយលែងរាប់ថាប្អូនស៊ីបាយបំបង់បាយ …បទមិនទាន់ចេញយកទៅចែកចាយ…បែកធ្លាយបទនេះ អញចាត់ទុកថាអញស៊យ … សុទ្ធតែពួកអា fake ពួកអា Snake ពួនក្នុងស្មៅ…»
«អ្នកខ្លះឮបទនេះបែកធ្លាយ ខឹងពេកធ្វើមួយអាល់ប៊ុម គេថាគេTop one Top ចុងភូមិ Top សហគម ពីរបីឆ្នាំហើយនៅឡើយតាមដានជើងខ្ញុំ លុបនេះលុបនោះឆ្លៀតរត់ទៅបួសតិចដោយសារខ្ញុំ ហ៊ានលុបឆាណែល បទស្ដាប់មិនកើត រាក់កំផែល ជិតធ្វើឪគេ នៅឡេឡឺធ្វើឡាឡា យកបទខ្ញុំបែកមកលេងសើច តែខ្ញុំ Send You to Hell…»
កន្លងមកនៅពេលដែល G-devith បានចេញបទចម្រៀងរបស់ខ្លួនគឺបទ «My Brother» ឱ្យអ្នកគាំទ្របានស្ដាប់និងទស្សនា មានអ្នកវិភាគខ្លះបានលើកឡើងថាអត្ថន័យបង្កប់ក្នុងបទចម្រៀងនេះគឺសំដៅទៅដល់វណ្ណដា ហើយបទចម្រៀងនេះដែរក៏ជាចម្រៀងមួយដែលតារាចម្រៀងត្រូវបានគេឱ្យរហស្សនាមថា King of Fast លើកយកមកច្រៀងឱ្យអ្នកគាំទ្រគ្រប់គ្នាបានស្ដាប់និងរាំលេងកម្សាន្តក្នុងការប្រគំតន្ត្រីកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះផងដែរ៕
ចុះប្រិយមិត្តអ្នកអានរបស់ត្រយងវិញ តើបានស្ដាប់បទ «My Brother» និងបទ «J+O II» ហើយឬនៅ? តើអ្នកទាំងអស់គ្នាយល់ស្របដូចនឹងអ្នកវិភាគដែលបានលើកឡើងខាងលើនេះឬទេ?