សិល្បៈ​ជាតិ​៖ ហេតុការណ៍​ជាន់​គ្នា​ដែល​បណ្ដាល​ឱ្យ​មាន​​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​១៥១​ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០២២ នោះ​ ក៏​មានវត្តមាន​ Madam Da ដែល​ជា​អ្នក​លក់​ឡេ​អនឡាញ​ និង​បុគ្គល​​ល្បី​លើ​បណ្ដាញ​សង្គម​និងស្វាមីស្ថិត​នៅ​ហេតុការណ៍​នោះ​ដែរ​។ ជា​សំណាងល្អ​​គឺ​ស្ត្រី​ខ្មែរ​និង​ស្វាមី​ជនជាតិ​ថៃ​បាន​រួច​រស់​ជីវិត​ពី​ក្នុងសោកនាដកម្ម​ដែល​បាន​ឆក់​យក​ជីវិត​រាប់រយ​នាក់​នោះ​។​

តាម​ការ​រៀបរាប់​ Madam Da បាននាំ​ប្ដី​ទៅ​ព្យាបាល​ជើង​នៅប្រទេស​កូរ៉េ​ហើយ​ក៏​បាន​ឆ្លៀត​ទៅ​ដើរ​លេង​នៅ​ម្ដុំ​ Itaewon ដែល​ជា​មជ្ឈមណ្ឌល​និង​ហាង​ទំនើប​ដ៏​ធំមួយ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដែល​ជា​ទីតាំង​ប្រារព្ធ​កម្មវិធី​បុណ្យ​ហាឡូវីន​ដ៏​ធំមួយ​កន្លែង​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​។

ហេតុការណ៍​ជាន់​គ្នា​នេះ​គឺជា​សោកនាដកម្ម​ដ៏​ធំមួយ​បន្ទាប់​ពី​ហេតុការណ៍​លិច​សាឡាង​សម្លាប់​មនុស្ស​៣០៤​នាក់​ ដែល​ភាគ​ច្រើន​ជា​សិស្ស​វិទ្យាល័យ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៤​។ ពី​អតីត​កាល​ធ្លាប់​មាន​សោកនាដ​កម្មជាន់​គ្នា​បែប​នេះ​កើត​ឡើង​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ដោយ​កាល​ពី​ឆ្នាំ​២០០៥​ មនុស្ស​១១​ត្រូវ​បាន​សម្លាប់​ ចំណែក​៦០​នាក់​ទៀត​របួស​ក្នុង​ហេតុការណ៍ជាន់​គ្នា​មួយ​ នា​ការ​ប្រគំតន្ត្រី​ប៉ុប​ក្នុង​ក្រុង​ Sangju ស្ថិត​​នៅ​ប៉ែក​ខាង​ត្បូង​​ប្រទេស​។ ដោយ​ឡែក​នៅ​ឆ្នាំ​១៩៩២ ក្មេង​ស្រី​វ័យ​ជំទង់​ម្នាក់​បាន​ស្លាប់ និង​​មនុស្ស​រាប់​សិប​នាក់​ទៀត​បាន​រង​របួស​ក្នុង​ហេតុការណ៍​ជាន់​គ្នា​មួយ​នា​ការ​ប្រគំ​តន្ត្រី​មួយ​ក្នុង​ក្រុង​សេអ៊ូល​របស់​ក្រុម​ចម្រៀង​ប៉ុប​អាមេរិក​ News Kids on the Block។

បើ​យោងតាម​សារព័ត៌មាន​និង​រដ្ឋបាល​កូរ៉េ បាន​​ប្រកាស​ថា​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ភាគ​ច្រើន​គឺជា​យុវជន​ដែល​ស្ថិត​ក្នុង​វ័យ​២០​ឆ្នាំ​ប្លាយ​៕

ទស្សនា​វីដេអូ​ខ្លះ​ចេញ​ពី​សោកនាដកម្មនៅ​ប្រទេស​កូរ៉េ​ ខាង​ក្រោម​

Share.