ទីបំផុត​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ បាន​ស្វែង​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ ដោយ​បាន​ទៅ​ក្រុម​បាល់ទះ​​វិសាខា ក្រោយ​យក​ឈ្នះ​លើ​ក្រុម​​បាល់ទះ​ក្រសួង​មហាផ្ទៃ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល ៣សិត​ទល់០ លើ​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីសន៍ ម្តុំ​ហ្រ្គេន​ភ្នំពេញ។

លទ្ធផល​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​តុលា ឆ្នាំ​២០២២ នេះ​ឃើញ​ថា​ក្រុម​បាល់ទះ​វិសាខា បាន​យក​ឈ្នះ​ក្រសួង​មហាផ្ទៃ ដោយ​លទ្ធផល សិត​ទី១ ចំនួន​២៥ទល់​១៨ សិត​ទី២ ចំនួន​​២៥ ទល់១៧ និង​សិត​ទី៣ ចំនួន២៥ ទល់១៧។

ដូច្នេះ​ជើង​ឯក​​ពានរង្វាន់​បាល់ទះ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ទៅ​ក្រុម​បាល់ទះ​វិសាខា ហើយ​ជើង​ឯក​រង​បាន​ទៅ​ក្រុម​ក្រសួង​មហាផ្ទៃ ​ចំណាត់ថ្នាក់​លេខ៣ បាន​ទៅ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ក្រុម​លេខ៤​បាន​ទៅ​ក្រុម​កងពលធំអន្តរាគមន៍​លេខ៣។

ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ មាន​ក្រុម​ចំនួន​១១​ចូលរួម ដោយ​ក្នុង​នោះ​ក្រុម​ចំនួន​៥ក្រុម (បាន​ពី​ការ​អញ្ជើញ) និង​៦ក្រុម​​ដែល​ឡើង​មក​ពី​ពានរង្វាន់​សម្តេច​ក្រឡាហោម កន្លង​ទៅ។ ក្រុម​ដែល​ចូលរួម​ទាំង​១១​នេះ​ត្រូវ​បែងចែក​ជា​៤​ពូល ប្រកួត​វិលជុំ​១ជើង​សន្សំ​ពិន្ទុ ហើយ​ក្រុម​លេខ១​និង​លេខ២​តាម​ពូល​នីមួយៗមាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​​​បន្ត។ វគ្គ​បន្ត​នេះ​សល់​ក្រុម​ចំនួន​៨ បែងចែក​ជា​២​ពូល​ទៀត ដើម្បី​ស្វែង​រក​អ្នក​ខ្លាំង​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​វគ្គ​និង​​បន្ត​ផ្ដាច់ព្រ័ត្រ។

ការ​ប្រកួត​ពានរង្វាន់​សម្តេច​តេជោ ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ព្រីនស៍ (ម្តុំ​ហ្រ្គេន​ភ្នំពេញ) ដោយ​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​១៥ ដល់​៣០ ខែ​តុលា ឆ្នាំ​២០២២។ សម្រាប់​ក្រុម​ជ័យលាភី​វិញ​នឹង​ទទួល​មាន៖
វិសាខា ឈ្នះ​ជើង​ឯក ទទួល​បាន​ពានរង្វាន់​ធំ១ មេដាយ​មាស​ម្នាក់១ អម​ដោយ​ថវិកា​១ម៉ឺន​ដុល្លារ
–ក្រសួង​មហាផ្ទៃ ឈ្នះ​ជើង​ឯក​រង ទទួល​បាន​មេដាយ​ប្រាក់​ម្នាក់១ អម​ដោយ​ថវិកា​៥ពាន់​ដុល្លារ
– បញ្ជាការដ្ឋាន​អង្គរក្ស ឈ្នះ​លេខ៣ ទទួល​បាន​មេដាយ​សំរឹទ្ធិ ម្នាក់១ អម​ដោយ​ថវិកា​៣​ពាន់​ដុល្លារ
–កងពលធំ​អន្តរាគមន៍​លេខ៣ ឈរ​លេខ៤ ទទួល​បាន​ថវិកា ២ពាន់ដុល្លារ

Share.