ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ ផ្តើមចេញពីទុស្សេចរន្តភ្លើង ខណៈដែលបិទទ្វារសម្រាក ដោយពុំមានកម្មករធ្វើការ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅរោងចក្រកាត់ដេរ សុិនវៃជា ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលរោងចក្រឈប់សម្រាក មិនមានកម្មករធ្វើការ ថ្ងៃអាទិត្យ គេឮសូរសម្លេងផ្ទុះ ផ្សែងហុយ ចេញពីកន្លែងដេរ ឆេះចេញជាអណ្តាតភ្លើង ទើបបង្កឲ្យផ្អើលឆោឡោ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ ។

គ្រោះអគ្គិភ័យខាងលើត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យ ច្រើនគ្រឿងចេញទៅអន្តរាគមន៍ ក្នុងនោះមានរថយន្តមកពីអង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៣គ្រឿង បាញ់ទឹកពន្លត់ភ្លើង ។

ហេតុការណ៍កើតឡើងភ្លាមៗ ត្រូវបានរថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿងចេញទៅអន្តរាគមន៍ រថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៤គ្រឿង រថយន្តស្នងការរាជធានីភ្នំពេញចំនួន៧គ្រឿង រថយន្តស្រាបៀរកម្ពុជា ១គ្រឿង បាញ់ទឹកពន្លត់ភ្លើង រហូតដល់វេលាម៉ោង១រសៀលថ្ងៃដដែលទើបភ្លើងរលត់ទៅវិញ ។ សម្ភារៈខូចខាត ម៉ាសុីនដេរ សម្ភារៈមួយចំនួនទៀត តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.