ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែតុលាឆ្នាំ២០២២បានសម្រេចចេញដីកា ឃុំខ្លួនជនត្រូវចោទឈ្មោះ ឌឿន សាវឿន ភេទប្រុសអាយុ៥១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្ថិតនៅផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដាក់ពន្ធនាគារ រាជធានីភ្នំពេញ PJ បណ្តោះអាសន្ន ពីបទឆបោក និង ប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីខែឧសភាឆ្នាំ២០២០ និងខែកក្កដាឆ្នាំ២០២២ តាមមាត្រា៣៧៧.៣៧៨ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជាអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដោយ ឲ្យឈ្មោះ ឌឿន សាវឿន ឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីធ្វើការសាក សួរ លើបណ្តឹងព្រហ្មទណ្ឌពីបទ ឆបោក តាមបណ្តឹងរបស់ឈ្មោះ សែស ប្រាក់ពិសិដ្ឋ។

ជនត្រូវចោទឈ្មោះ ឌឿន សាវឿន ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ ចាប់ខ្លួននៅខេត្តកោះកុង កាលពីថ្ងៃទី២៤ ខែតុលាឆ្នាំ២០២២ ករណីឆបោក កាលពីអំឡុងឆ្នាំ២០២០ តាមដីកា ហើយសមត្ថកិច្ចរកឃើញឯកសារក្លែងមួយចំនួន ក្លែងខ្លួនជាឧត្តមសេនីយ៍ ក្លែងព្រះរាជក្រឹត្យ ក្លែងប៊ិចត្រាឈ្មោះឧត្តមសេនីយ៍ ក្លែងអត្តសញ្ញាណប័ណ្ណនាយទាហាន។

យោងតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹង ការឆបោកជនរងគ្រោះនេះ ជនសង្ស័យប្រើល្បិចលួងលោមឲ្យជនរងគ្រោះឈ្មោះ សែស ប្រាក់ពិសិដ្ឋ និងប្រពន្ធ ឲ្យប្រគល់ប្រាក់ ទិញដីសាងសង់ផ្ទះ នៅខេត្តកោះកុង ខេត្តព្រៃវែង ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តកំពង់ស្ពឺ ដើម្បី សាងសង់ផ្ទះសម្រាប់ស្តុកទំនិញដែលនាំចូលពីក្រៅប្រទេស លុយជាង១លានដុល្លារ៕

អត្ថបទ៖ចតុមុខ

Share.