សិល្បៈជាតិ៖ អ្នកនាង ឌូ ពុធមូលីតា អ្នកផាត់មុខខ្សែភាពយន្ត បែប Special Effect ដែលទទួលបានជំនាញពី Hollywood បានបង្ហាញស្នាដៃផាត់មុខថ្មីមួយរបស់ខ្លួន ជូនដល់កំពូលតារាហូលីវូដល្បីនៅលើបណ្ដាញសង្គម ដែលស្នាដៃថ្មីរបស់អ្នកនាងកំពុងតែមានការចាប់អារម្មណ៍ពីមហាជនពិសេសអ្នកលេងបណ្ដាញសង្គម។
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ដែលជាថ្ងៃបុណ្យធំ ហាឡូវីន អ្នកជំនាញផាត់មុខល្បីលំដាប់ហូលីវូដ ដែលបានប្រើប្រាស់គណនីហ្វេសប៊ុកដាក់ឈ្មោះថា Apple love Makeup Gallery បានបង្ហោះរូបភាពពីរសន្លឹកដែលជាស្នាដៃរបស់ខ្លួន ដោយរូបភាពទាំងពីរនោះគឺជារូបភាពដែលអ្នកនាងតុបតែងបែបពិសេស Special Effect ជូនដល់សិល្បករលំដាប់ពិភពលោក លោកស្រី Kim Kardasian។
នារីមានដើមកំណើតនៅខេត្តស្ទឹងត្រែងរូបនេះបានថ្លែងពីក្ដីរំភើបនិងកិត្តិយសយ៉ាងក្រៃលែង ដែលខ្លួនបានចូលរួមក្នុងក្រុម nocturnal_designz team តុបតែងរូបរាងមុខមាត់សម្រាប់លោកស្រី Kim Kardasian ដើម្បីអបអរបុណ្យ ហាឡូវីន។
កើតនៅក្នុងគ្រួសារក្រីក្រ ជ្រកក្រោមដំបូលផ្ទះខ្ទមតូចមួយ សង់ក្នុងដីរបស់សាលារៀនកាលពីអតីតកាល និងមានម្ដាយធ្វើការនៅមន្ទីរអប់រំ អ្នកផាត់មុខសម្បុរស្រអែមរូបនេះ គឺជាអតីតនិស្សិត នៃសកលវិទ្យាល័យបញ្ញាសាស្ត្រ ជំនាញគ្រូបង្រៀនភាសាអង់គ្លេស។
នៅឆ្នាំទី៣ នៃការសិក្សា អ្នកនាង ឌូ ពុធមូលីតា ចាប់ផ្ដើមចាប់អារម្មណ៍ការផាត់មុខ ពោលគឺក្រោយពីអ្នកនាងបានឃើញមិត្តភ័ក្ដិធ្វើរឿង Zombie។ អ្នកនាង ទទួលបានអាហារូបករណ៍ នៅឆ្នាំ២០១៦ ទៅរៀនជំនាញផាត់មុខនៅសហរដ្ឋអាម៉េរិក។ ក្នុងអំឡុងឆ្នាំ២០១៨ អ្នកនាងបានបញ្ចប់ការសិក្សានៅ Hollywood ពីសាលា Cinema Make Up School។ ក្រោយបញ្ចប់ការសិក្សានៅទីនោះ អ្នកនាងបានចាប់ផ្ដើមធ្វើការក្នុងឧស្សាហកម្មភាពយន្ត នៅ Hollywood រហូតដល់បច្ចុប្បន្ននេះតែម្ដង៕
ប្រភព៖ FB Apple love Makeup Gallery