កណ្តាល ៖ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង បើកបរតាមផ្លូវសុខៗ ស្រាប់តែមានបញ្ហាបច្ចេកទេស ដាច់ម៉ែត្រចង្កូត រេទាញធ្លាក់ផ្លូវទៅបុកបុរសចំណាស់ម្នាក់កំពុងដើរបណ្តាលឲ្យរងរបួសធ្ងន់ហើយបុកចូលផ្ទះរបស់ប្រជាពលរដ្ឋ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវកៅស៊ូ១១៦A ចំណុចភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ឡោ ហឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់នៅកន្លែងកើតហេតុ រងរបួសធ្ងន់ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េដឹកទឹកកក ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវពាក់ស្លាក លេខ កណ្តាល 2A-1649 បើកបរដោយឈ្មោះណៃ ជា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ទឹកកកអនាម័យ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល រួមដំណើរជាមួយប្រពន្ធឈ្មោះ ស្រីកែវ ជនជាតិខ្មែរ អាយុ៣៧ឆ្នាំ បានបើកពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែដាច់ម៉ែត្រចង្កូត រេធ្លាក់ផ្លូវទៅបុកជនរងគ្រោះ កំពយងដើរមុខផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់ រួចបន្តបុកចូលផ្ទះរបស់ជនរងគ្រោះតែម្តង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តមណ្ឌលសុខភាពឃុំឈើទាលនាំយកទៅព្យាបាលនៅមន្ទីពេទ្យភ្នំពេញ រីឯរថយន្តបង្កខាងលើត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី ៕

អត្ថបទ៖តាតុង​ សែនជ័យ

Share.