ភ្នំពេញ ៖ រថយន្តPriusមួយគ្រឿងបើកបរដោយបុរសជនជាតិបរទេសម្នាក់ ជ្រុលបុកស្ត្រីម្នាក់កំពុងដើរហាត់ប្រាណតាមផ្លូវ រួចរេចង្កូតជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ រងខូចខាតទាំងផ្ទះ ទាំងរថយន្ត ហើយព្យាយាមបើករត់គេច ទៅមុខលែងរួច ទុករថយន្តចោល ម្ចាស់រថយន្តចុះគេចខ្លួនបាត់ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ១៩ កែងផ្លូវ១៧៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកPrius ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AW-0295 បើកបរដោយបុរសជនជាតិបរទេស បើកពីត្បូងទៅជើងតាមផ្លូវ១៩ កែងផ្លូវ១៧៨ ក្នុងសង្កាត់ជ័យជំនះ ជ្រុលបុកស្ត្រីម្នាក់កំពុងដើរហាត់ប្រាណតាមផ្លូវ បណ្តាលឲ្យរងរបួស រួចជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត ហើយរថយន្តបង្កព្យាយាមបើករត់គេច រហូតដល់ផ្លូវព្រះនរោត្ដម ត្រង់ចំណុចមុខក្រសួងអប់រំ យុវជននិងកីឡា សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅមុខលែងរួច ទុករថយន្តចោល ចុះចាកចេញទៅបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រួចស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនដោះស្រាយផកប៉ះពាល់ជាក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.