ត្បូងឃ្មុំ៖ អភិបាលខេត្តត្បូងឃ្មុំក្រើនរំលឹក កម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ​ឲ្យយកចិត្តទុកដាក់ជួយដោះរាល់បញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបង្រា្កបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ បានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តសហការគ្នាដោះស្រាយបញ្ញានានា ដែលជាទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអនុវត្តនៅគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នឹងត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ចោរប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ដែលធ្វើឲ្យប្រែក្លាយជា ភូមិ-ឃុំ/សង្កាត់ ស ស្អាត ធានាបានសន្តិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងសួង ទាំងមូល ជាពិសេសរវាងភាគីពាក់ព័ន្ធ  សហការ ចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាត សំអាតសំរាមតាមបណ្ដាសួន និងដងផ្លូវនានា ក្នុងការបំពេញតាមសូចនាករ និងការវាយតម្លៃដាក់ពិន្ទុ របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) ដើម្បីក្រុងសួងយើង ទទួលបានជ័យលាភី ផ្ការំដួល ៣ទង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាននាំយកអង្ករចំនួន ២០តោន ចែកជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ជួបការលំបាក និងបញ្ហាផ្សេងៗជាង៤០០ គ្រួសារ នៅក្នុងមូលដ្ឋានក្រុងសួង ​ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ សាន​ វិឡែម

Share.