មុនពេលពានរង្វាន់​បាល់ទាត់​ជើង​ឯក​តំបន់​អាស៊ាន AFF Mitsubishi Electric Cup 2022 ឈានមកដល់ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី បានណាត់ក្រុមជម្រើសជាតិកម្ពុជា និងម៉ាល់ឌីវ ប្រកួតមិត្តភាពអន្តរជាតិ នៅដើមខែធ្នូ។

គ្រូបង្គោលម៉ាឡេស៊ី លោក Kim Pan-Gon លើកឡើងជុំវិញការជ្រើសរើសក្រុមជម្រើសជាតិកម្ពុជា និងម៉ាល់ឌីវ សម្រាប់ការប្រកួតមិត្តភាពមុនព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022៖«យើង​បាន​ប្រកួត​ជា​មួយ​​​ថៃ និង​ហ្វីលីពីន​រួច​ហើយ​ក្នុង​ឆ្នាំ​នេះ ដូច្នេះ​ខ្ញុំ​ជឿ​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ដែល​ស្ថិត​នៅ​ពូល A ក្នុង​ពាន​រង្វាន់ AFF Cup គឺ​ជា​ដៃ​គូ​ដ៏​ល្អ​សម្រាប់ការ​ចាប់​ផ្តើម​យុទ្ធនាការ​របស់​យើង»។

លោកបន្តទៀតថា៖«ការ​ជ្រើស​រើស​ដៃគូ​សម្រាប់​ការ​ប្រកួត​មិត្តភាព​គឺ​ផ្អែក​លើ​​លក្ខខណ្ឌ​ដែល​យើង​​​ធ្វើ​ការ​វាយ​តម្លៃ​ដើម្បី​កែ​លំអ​​ក្រុម​​របស់​យើង បន្ទាប់​ពីពួក​យើង​បាន​បោះ​ជំរំ​​ហ្វឹក​ហាត់»។ បច្ចុប្បន្ន​នេះក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ពិភព​លោក FIFA លេខ​១៤៦ ប្រៀប​ធៀប​នឹង​ក្រុម​កម្ពុជា​លេខ​១៧៧។

ខាងក្រោមនេះគឺជាកាលបរិច្ឆេទប្រកួតមិត្តភាពអន្តរជាតិ៖
-ថ្ងៃទី៩ ខែធ្នូ ម៉ាឡេស៊ី vs កម្ពុជា នៅកីឡដ្ឋាន Bukit Jalil Stadium
-ថ្ងៃទី១៤ ខែធ្នូ ម៉ាឡេស៊ី vs ម៉ាល់ឌីវ នៅកីឡដ្ឋាន Kuala Lumpur Stadium។

ការប្រកួតពានរង្វាន់​ AFF Mitsubishi Electric Cup 2022​ ដែលនឹងធ្វើឡើងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ពោលគឺនៅពេលពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតារ រកឃើញជើងឯកបាន៤៨ម៉ោង។

ការចាប់ឆ្នោតកាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅ បានរកឃើញក្រុមជាសមាជិកស្ថិតក្នុង២ពូលផ្សេងគ្នាមានដូចជា៖
ពូល A៖, ថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី, កម្ពុជា និងក្រុមទីម័រ ឬ ប្រុយណេ
ពូល B៖វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ានម៉ា, ឡាវ។

ខណ:ជម្រើស​ជាតិ​ម៉ាឡេស៊ី​​​ត្រូវប្រកួតបើក​ឆាកទល់នឹង​មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ មុន​ពេល​ប៉ះ​ជម្រើស​ជាតិ​ឡាវ ថ្ងៃ​ទី​២៤ ខែ​ធ្នូ និង​បន្ត​ប៉ះ​ក្រុម​ខ្លាំង វៀតណាម នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ហើយ​ចុង​ក្រោយ​ជួប​សិង្ហបុរី ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៣។

ពានរង្វាន់​ជើង​ឯក​បាល់ទាត់​បុរស​ប្រចាំ​តំបន់​អាស៊ាន បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ ១៩៩៦ មក​ម៉្លេះ ដោយ​​ប្រកួត​រាល់​២ឆ្នាំ​ម្តង ស្រប​ពេល​ដំបូង​ឡើយ​ប្រើ​ឈ្មោះ​ជា AFF Tiger Cup រហូត​ដល់​ឆ្នាំ​២០០៤ ក៏​ប្តួរ​ឈ្មោះ​ទៅ​ជា AFF Suzuki Cup វិញ​ម្តង និង​ចុងក្រោយ​ចាប់​ពី​ឆ្នាំ​២០២២ តទៅ​ប្រើ​ឈ្មោះ​ជាAFF Mitsubishi Electric Cup វិញ​ម្តង។

ថៃ ជា​ក្រុម​ឈ្នះ​ជើង​ឯក​ពានរង្វាន់​បុរស​ប្រចាំ​តំបន់​អាស៊ាន នេះ​បាន​ច្រើន​ជាង​គេ​ រហូត​ដល់​ទៅ​៦លើក ឯ​សិង្ហបុរី ឈ្នះ​បាន​៤លើក វៀតណាម ឈ្នះ​២លើក និង​ម៉ាឡេស៊ី ឈ្នះ​បាន​១លើក។ ឥណ្ឌូណេស៊ី ជា​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ច្រើន​ជាង​គេ​រហូត​ដល់​៦លើក តែ​​បរាជ័យ​រហូត៕

Share.