​ខ្សែប្រយុទ្ធ Kazuyoshi Miura បានបំបែកកំណត់ត្រាពិភពលោក Guinness World Records ក្នុងនាមជាកីឡាករវ័យចំណាស់ជាងគេដែលអាចស៊ុតបាល់បញ្ចូលទីក្នុងក្របខណ្ឌបាល់ទាត់អាជីពរបស់ប្រទេសជប៉ុន ឲ្យក្លិបបាល់ទាត់ Suzuka Point Getters ក្នុងវ័យ៥៥ឆ្នាំ និង២៤៦ថ្ងៃ។

ដោយកីឡាករ Kazuyoshi Miura ត្រូវបានលោក Yasutoshi Miura គ្រូបង្វឹករបស់ក្លិប Suzuka Point Getters ប្តូរឲ្យចូល​លេង​នៅ​នាទី​៨៤’ ក្នុងជំនួបឈ្នះ Tiamo Hirakata ក្នុងលទ្ធផល ៣-១ ខណ:ខ្សែប្រយុទ្ធវ័យ៥៥ឆ្នាំរូបនេះ រកបាន១គ្រាប់ ដោយបាល់ពិន័យ១១ម៉ែត្រ ក្លាយជាកីឡាករចាស់ជាងគេស៊ុតបញ្ចូលទីនៅលីគលំដាប់ទី៤ របស់ប្រទេសជប៉ុន។

ក្រោយចប់ការប្រកួត Kazuyoshi Miura បាននិយាយថា៖«ខ្ញុំពិតជាអរគុណដល់មិត្តរួមក្រុមរបស់ខ្ញុំដែលបានអនុញ្ញាតឲ្យខ្ញុំទទួលបានការទាត់បាល់ប៉េណាទី។ អ្វីដែលរីករាយបំផុតនោះគឺការឃើញមិត្តរួមក្រុមរបស់ខ្ញុំទាំងអស់ជាមួយនឹងទឹកមុខសប្បាយរីករាយ ហើយវាជាពេលវេលាដ៏ល្អ និងមានន័យបំផុតមួយសម្រាប់ខ្ញុំ»។

Kazuyoshi Miura ត្រូវគេស្គាល់ថា King Kazu បានចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់ដំបូងគេនៅក្លិប Santos លីគកំពូលរបស់ប្រទេសប្រេស៊ីល ក្នុងឆ្នាំ១៩៨៦ ហើយក៏បន្តលេងឲ្យក្លិប Palmeiras, Matsubara, Jaú, Coritiba ជាដើម។

លុះដល់ឆ្នាំ១៩៩០ ទើបគាត់ទៅលេងឲ្យក្លិប Tokyo Verdy លីគទី២របស់ប្រទេសជប៉ុន បន្ទាប់មក​ Miura ត្រូវបានក្លិប Genoa លីគកំពូលអុីតាលីខ្ចីជើង ចំនួន១រដូវកាលនៅឆ្នាំ១៩៩៤ និងបន្តផ្លាស់ទីកាន់ក្លិប Dinamo Zagreb លីគកំពូលរបស់ប្រទេសក្រូអាត។

អ្វីកាន់តែពិសេស Miura​ លេងឲ្យក្លិប Yokohama FC ដល់ទៅ១៧រដូវកាលឯណោះ ពោលគឺចាប់តាំងពីឆ្នាំ ២០០៥ នៅពេលដែលលោកទើបតែមានវ័យ៣៦ឆ្នាំ។

ខណ:ក្នុងក្រុមជម្រើសជាតិជប៉ុន Kazuyoshi Miura ធ្លាប់ជាប់តាំងពីឆ្នាំ១៩៩០ ដល់ឆ្នាំ ២០០០ ដោយរូបគេបានបង្ហាញខ្លួនសរុប ៨៩ប្រកួត និងស៊ុតបញ្ចូលទីបាន ៥៥គ្រាប់ ហើយខ្សែប្រយុទ្ធវ័យ៥៥ឆ្នាំរូបនេះក៏ធ្លាប់លេងឲ្យជម្រើសជាតិជប៉ុន Futsal ផងដែរ ដោយបង្ហាញខ្លួនបាន ៦ប្រកួត និងរកបាន ១គ្រាប់៕

Share.