សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំការប្រកួតបាល់ទាត់​ផ្នែក​បុរស និង​ផ្នែក​នារី ពានរង្វាន់ Soccer league លើកទី៦ ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈ​ម្ចាស់​ជើង​ឯក​នឹង​ទទួល​បាន​ទឹកប្រាក់​រហូត​ដល់​២៥លាន​រៀល។

ពាក្យចាប់ដាក់លក់តាំងពីថ្ងៃទី១០ ខែតុលា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅជាន់ទី១ នៃអាគារ Kampus នៅមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី១៥ ខែតុលា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ខណ:កីឡដ្ឋាន Smart RSN របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានជ្រើសរើសជាទីតាំងនៃពិធីបើកពានរង្វាន់​បាល់ទាត់​ Soccer League លើកទី៦ ឆ្នាំ២០២៣ បន្ទាប់ពីពហុកីឡដ្ឋានជាតិ ដែលនិយមហៅថា ស្តាតអូឡាំពិក បច្ចុប្បន្នកំពុងធ្វើការជួយជុលផ្លាស់ប្ដូរស្មៅថ្មី និងធ្វើការជួសជុលរួចរាល់នៅខែមករា ឆ្នាំ២០២៣ ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើប្រភេទកីឡាបាល់ទាត់។ 

នេះបើយោងតាមការបញ្ជាក់ ក្រោយបញ្ចប់កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស សុខា អនុប្រធានគណ:កម្មាធិការកណ្តាល ស.ស.យ.ក. ក្នុងការគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ ជាមួយប្រធានប្រតិបត្តិ និងអនុគណកម្មការជំនាញ។

សម្រាប់ក្រុមដែលមានសិទ្ធិចូលរួមប្រកួតបាល់ទាត់បុរស និងនារីនេះ គឺជាកីឡាករដែលចាត់តាំងមកពីក្រសួង ស្ថាប័ន, សមាជិក ស.ស.យ.ក ទាំង២៥ រាជធានីខេត្ត និងវិស័យមកពីគ្រឹះស្ថានឧត្តមសិក្សា មកពីមន្ទីរ អង្គភាព ក្រុង ស្រុក ខណ្ឌ និងក្រុមហ៊ុនឯកជន សមាគម និងអង្គការនានា។

លក្ខខណ្ឌសម្រាប់កីឡករចូលរួមប្រកួតបាល់ទាត់ គឺកីឡាករ និងកីឡាការិនី ត្រូវមានអាយុចាប់ពី ១៧ឆ្នាំឡើងទៅ និងជនជាតិខ្មែរ។ ជាកីឡាករ និងកីឡាការិនី ដែលមិនមានឈ្មោះក្នុងបញ្ចីក្របខណ្ឌរបស់ក្លិប ដែលចូលរួមក្នុងក្របខណ្ឌបាល់ទាត់ថ្នាក់ជាតិ (Cambodia Premier League) ចាប់ពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្នមិនធ្លាប់ចូលរួមប្រកួតក្នុងក្របខណ្ឌបាល់ទាត់លីគ២ ចាប់ពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន មិនធ្លាប់ចូលរួមប្រកួតពានរង្វាន់សម្តេចថ្នាក់ខេត្តថ្នាក់ជាតិ ក្នុងឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន។ ក្រុមនីមួយៗត្រូវទទួលខុសត្រូវចំពោះសុខភាពកីឡាករ និងក្រុមដឹកនាំការងាររបស់ខ្លួន អំឡុងពេលចូលរួមប្រកួត។

សម្រាប់លក្ខខណ្ឌក្នុងការចុះឈ្មោះ ក្រុមនីមួយៗ ត្រូវចុះឈ្មោះកីឡាករក្នុងបញ្ជីចូលរួមប្រកួតដំបូងដែលមានចំនួន ២០នាក់ និងមន្ត្រីចំនួន ៥នាក់។ ក្រុមនីមួយៗត្រូវដាក់ពាក្យចូលរួមតម្រូវឲ្យមានឯកសារដូចជា ពាក្យសុំចូលរួមប្រកួត, សេចក្តីប្រកាស,បញ្ជីឈ្មោះកីឡាករមានបិទរូបថត, បញ្ជីឈ្មោះមន្ត្រីចាត់ចែងសមាគម ក្លឹប និងកីឡាករ, បញ្ជីឈ្មោះកីឡាករចុងក្រោយ រូបថតថ្មី៤គុណ៦ ចំនួន ៣សន្លឹក, ឡូហ្គា តំណាងសមាគម ក្លិប របស់ខ្លួន និងទង់តំណាងឲ្យសមាគម ក្លិប របស់ខ្លួនចំនួន ១ ទំហំ ០,៨ម៉ែត្រ គុណ ១,២ម៉ែត្រ។

ស.ស.យ.ក បានបញ្ជាក់ថា ក្រុមនីមួយៗត្រូវតម្កល់ទឹកប្រាក់ចំនួន ១លានរៀល ហើយគណៈកម្មាធិការរៀបចំការប្រកួតនឹងប្រគល់ទឹកប្រាក់ជូនវិញក្រោយពីចប់ការប្រកួត។ ករណីក្រុមកីឡាករមិនគោរពទៅតាមលក្ខន្តិកៈ ឬបោះបង់ការប្រកួត ទឹកប្រាក់នឹងតម្កល់ទុកសម្រាប់ចាត់ចែងតាមការចាំបាច់របស់គណៈកម្មាធិការរៀបចំការប្រកួត។ ក្នុងករណីរកឃើញក្រុមណាមានបន្លំឯកសារ កីឡាករនឹងត្រូវទទួលពិន័យពីគណៈកម្មាធិការរៀបចំការប្រកួតរបស់ ស.ស.យ.ក។

ក្រុមកីឡាករបាល់ទាត់បុរសដែលទទួលបានជ័យលាភីលេខ១ នឹងទទួលបានពាន១ មេដាយមាស ២៥ និងទឹកប្រាក់ចំនួន ២៥លានរៀល។ ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់ ២៥ និងទឹកប្រាក់ ១០លានរៀល។ ជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ ២៥ និងទឹកប្រាក់ ៥លានរៀល។

ក្រុមហ្វែរផ្លេ (Fair Play) ទទួលបានទឹកប្រាក់លើកទឹកចិត្ត ២លានរៀល។ ក្រុមអាជ្ញាកណ្តាលល្អជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ១,៥លានរៀល។ កីឡាករទាត់ចូលទីច្រើនជាងគេទទួលបានប្រាក់លើកទឹកចិត្ត ១,៥លានរៀល។ អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ១,៥លានរៀល និងគ្រូល្អជាងគេ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ១,៥លានរៀល។

សម្រាប់ក្រុមកីឡាករបាល់ទាត់នារីវិញ ដែលទទួលបានជ័យលាភីលេខ១ នឹងទទួលបានពាន១ មេដាយមាស ២៥ និងទឹកប្រាក់ ១០លានរៀល។ ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់ ២៥ និងទឹកប្រាក់ ៥លានរៀល។ ជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ ២៥ និងទឹកប្រាក់ ៣លានរៀល។

ក្រុមហ្វែរផ្លេ (Fair Play) ទទួលបានទឹកប្រាក់លើកទឹកចិត្ត ១លានរៀល។ ក្រុមអាជ្ញាកណ្តាលល្អជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ១,៥លានរៀល។ កីឡាករទាត់ចូលទីច្រើនជាងគេទទួលបានប្រាក់លើកទឹកចិត្ត ៨០ម៉ឺនរៀល។ អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៨០ម៉ឺនរៀល និងគ្រូល្អជាងគេ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៨០ម៉ឺនរៀល៕

Share.