សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy army FC បានប្រកាសនៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ អំពីការចែកផ្លូវជាមួយកីឡាករចំនួន២​នាក់ ក្រោយបញ្ចប់រដូវកាល Cambodian Premier League 2022។

ទី១-អ្នកចាំទី ជា វណ្ណសាក់ ដែលក្លិបបាល់ទាត់ Tiffy Army FC ខ្ចីជើងចំនួន១រដូវកាល ពីក្លិបបាល់ទាត់អង្គរថាយហ្គឺរ ពេលនេះកិច្ចសន្យាត្រូវបានបញ្ចប់ ដូច្នេះអតីតយុវជនថ្នាលព្រះខ័នរាជស្វាយរៀងរូបនេះនឹងត្រូវវិលត្រលប់ទៅកាន់ទឹកដីសៀមរាបវិញ។

សូមរំឮកថា ជា វណ្ណសាក់ បានចំណាយពេល ៤រដូវកាលជាមួយក្លិបបាល់ទាត់វិសាខា លេងក្របខណ្ឌលីគទី២ ឆ្នាំ២០១៧ ហើយបានជួយក្រុមសេះជំទង់នេះឡើងមកលេងលីគកំពូលនៅឆ្នាំបន្ទាប់ រហូតដល់បច្ចុប្បន្ន។ មុនផ្ទេរទៅកាន់អង្គរថាយហ្គឺរ នៅឆ្នាំ២០២១ និង Tiffy Army នៅឆ្នាំ២០២២។

ទី២-ខ្សែបម្រើស្លាប ឡុង ម៉េងហាវ អតីតយុវជនរបស់សាលាបាល់ទាត់ជាតិបាទី ចន្លោះឆ្នាំ២០១៣ រហូតដល់ដំណាច់ឆ្នាំ២០១៨ យល់ព្រមចាកចេញពីក្លិបបាល់ទាត់ Tiffy Army FC ក្រោយចូលរួមនៅដើមឆ្នាំ២០២២។

គួរបញ្ជាក់ឲ្យដឹងថា ឡុង ម៉េងហាវ ផ្ទេរទៅកាន់ក្លិបបាល់ទាត់វិសាខា នៅឆ្នាំ២០១៩ បន្ទាប់មកឆ្នាំ២០២០ ម៉េងហាវ បានផ្ទេរទៅក្លិបអគ្គិសនីកម្ពុជា មុនផ្ទេរមកក្លិបអង្គរថាយហ្គឺរនៅដើមរដូវកាលឆ្នាំ២០២១ និង Tiffy Army នៅឆ្នាំ២០២២៕

Share.