សម្រាប់កិច្ចប្រជុំកំពូលអាស៊ានពេញមួយសប្ដាហ៍ខាងមុខនេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្ដេជ្ញាធានាឱ្យបានជូនសម្ដេចតេជោ ថ្នាក់ដឹកនាំជាន់ខ្ពស់ ឥស្សរជនជាន់ខ្ពស់សំខាន់ៗ និងជូនគណៈប្រតិភូបរទេសទាំង៣២ប្រទេសនិងស្ថាប័ន​ មិនឱ្យទទួលរងគ្រោះមហន្តរាយណាមួយ និងបង្ការរារាំងដាច់ខាតមិនឱ្យមានអំពើភេវរកម្មកើតឡើងនៅលើទឹកដីកម្ពុជា។ នេះបើតាមការថ្លែងពីឧត្តមសេនីយ៍ អេង ហ៊ី អុ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយដោយកងរាជអាវុធហត្ថនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

បើតាមឧត្តមសេនីយ៍ អេង ហ៊ី សម្រាប់កិច្ចប្រតិបត្តិការធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាមួយអាជ្ញាធរ និងបណ្ដាកងកម្លាំងផ្សេងទៀតនេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំប្រើប្រាស់កម្លាំងប្រមាណ១ពាន់នាក់ និងមធ្យោបាយយុទ្ធោបករណ៍ ដូចជារថពាសដែក រថយន្តពេទ្យ រថយន្តបាញ់ទឹក រថយន្តអគ្គិភ័យ រថយន្តដឹកជញ្ជូនកងកម្លាំង រថយន្តនាំផ្លូវ និងម៉ូតូចល័តជាដើម។

ដោយឡែក សម្រាប់កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលជាទីទាំងរៀបចំកិច្ចប្រជុំវិញ ក៏បានប្រើប្រាស់កម្លាំងប្រមាណ១៤០០នាក់ បំពាក់ដោយមធ្យោបាយយុទ្ធោបករណ៍ សម្ភាភារៈ និងឧបករណ៍នានាដែរ។ អ្នកនាំពាក្យដដែល បានបន្តថា«ចំពោះខេត្តមួយចំនួនដែលពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ គឺមានខេត្តព្រះសីហនុ និងខេត្តសៀមរាប ក៏ត្រូវបានរៀបចផែនការការពារ សន្ថិសុខ សណ្ដាប់ធ្នាប់ និងសង្គ្រោះបឋមផងដែរ។ ចំណែកខេត្តដែលគណៈប្រតិភូធ្វើដំណើរឆ្លងកាត់ក៏ត្រូវបានអាវុធហត្ថត្រៀមកម្លាំងដែរ។

សូមបញ្ជាក់ថាកម្ពុជា នឹងចាប់ផ្ដើមរៀបចំកិចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែវិឆ្ឆិកា ឆ្នាំ២០២២នេះ។ កិច្ចប្រជុំនេះ កម្ពុជាត្រូវទទួលវត្តមានបណ្ដាគណៈប្រតិភូកម្រិតអន្តរជាតិជាច្រើនក្រុម ដូចជាប្រតិភូប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាតិ ក្រុមប្រឹក្សាអឺរ៉ុប ប្រធានាធីបតីអាមេរិក នាយករដ្ឋមន្រ្តីចិន ជប៉ុន កូរ៉េខាងត្បូង កាណាដា និងបណ្ដាប្រទេសដៃគូ ព្រមទាំងស្ថាប័នអន្តរជាតិផ្សេងទៀតសរុបចំនួន៣២៕

Share.