នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឌីមីត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសក្រែន ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ច​នៅព្រះរាជាណាចក្រកម្ពុជា។ ត្រយង សូមផ្ដល់ជូនខ្លឹមសារទាំងស្រុងចេញផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា នៅល្ងាចថ្ងៃទី៩វិច្ឆិកានេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីការសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ និងបានអះអាងសារជាថ្មីអំពីជំហរជាគោលការណ៍របស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែនដោយសហការជាមួយប្រទេសជប៉ុន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធ នឹងអាចស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះសង្រ្គាម ដើម្បីឱ្យអ៊ុយក្រែនទទួលបានត្រលប់មកវិញនូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍។

ឯកឧត្តម ឌីមីត្រូ គូលេបា បានអបអរសាទរយ៉ាងកក់ក្តៅក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាប្រារព្វ​ខួបលើកទី៦៩ នៃទិវាឯករាជ្យជាតិកម្ពុជានាថ្ងៃនេះ និងបានជម្រាបជូនថា ឯកឧត្តម Volodymyr Zelensky អាចនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលអនាគត។ ឯកឧត្តម ឌីមីត្រូ គូលេបា ក៏បានបញ្ជាក់សាជាថ្មីអំពីការអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែនផងដែរ។

ឯកឧត្តម ឌីមីត្រូ គូលេបា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះជំហរដ៏រឹងមាំ និងគោលការណ៍របស់កម្ពុជាស្តីពីសង្គ្រាមនៅអ៊ុយក្រែន និងដើម្បីអនុញ្ញាតឱ្យប្រទេសរបស់របស់ឯកឧត្តម​ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេហ៍ (TAC) ។

ឯកឧត្តមក៏បានអបអរសាទរយ៉ាងកក់ក្តៅផងដែរចំពោះកម្ពុជា សម្រាប់ការធ្វើជាប្រធានអាស៊ានប្រកបដោយជោគជ័យក្នុងឆ្នាំ២០២២។ អ៊ុយក្រែនមានបំណងយ៉ាងមុតមាំក្នុងការក្លាយជាដៃគូសន្ទនាតាមវិស័យ​របស់អាស៊ាន។ ឯកឧត្តម បានជូនពរឱ្យកម្ពុជាទទួលបានជោគជ័យកាន់តែធំធេងថែមទៀតក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប៉ុន្មានថ្ងៃខាងមុខនេះ។

ឯកឧត្តម ឌីមីត្រូ គូលេបា បានបញ្ជាក់សារជាថ្មីអំពីចេតនារបស់អ៊ុយក្រែនក្នុងការតែងតាំងឯកអគ្គ រដ្ឋ​ទូត​ប្រចាំកម្ពុជាក្នុងពេលឆាប់ៗនេះ ហើយមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើន។ ឯកឧត្តម ឌីមីត្រូ គូលេបា ក៏នឹងមានជំនួបទ្វេភាគីផងដែរជាមួយសមភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃបន្ទាប់។

សូមបញ្ជាក់ថា ប្រមុខការទូតអ៊ុយក្រែន បានអញ្ជើញមកដល់កម្ពុជាកាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ម្សិលមិញនេះដើម្បីចូលរួមពិធីចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ពិធីចុះហត្ថលេខាលើសន្ធិសញ្ញានេះ នឹងធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលប្រព្រឹត្តទៅក្នុងសប្ដាហ៍នេះ។ កិច្ចប្រជុំនេះ ក៏នឹងមានវត្តមានរដ្ឋមន្រ្តីការបរទេសរុស្ស៊ីចូលរួមផងដែរ៕

Share.