សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានជួបពិភាក្សាការងារទ្វេភាគីនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនៅក្នុងជំនួបនោះ កម្ពុជាបានទទួលការបញ្ជាក់ពីសមភាគីចិននូវការផ្ដល់ជំនួយថ្មីៗបន្ថែមទៀត ក្នុងនោះក៏មានជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ផងដែរ។

ឯកឧត្តមនាយករដ្ឋមន្ត្រីចិន លី​ ខឺឈាង បានបញ្ជាក់ជូនសម្ដេចតេជោ ហ៊ុន សែន ថាចិននឹងផ្តល់ជំនួយទឹកប្រាក់ចំនួន២០០លានយ័ន្តសម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមបន្តថាចិននឹងបន្តជួយដល់ការស្តារឡើងវិញនូវបេតិកភណ្ឌកម្ពុជា បង្កើនចំនួននិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន ជួយដល់សកម្មភាពដោះមីន ជួយដល់ការរៀបចំការប្រកួតស៊ីហ្គេមនៅឆ្នាំខាងមុខ ក៏ដូចជាជួយដល់កីឡាករកីឡាការិនីកម្ពុជា។

បន្ថែមពីលើនេះ នាយករដ្ឋមន្រ្តីចិន បានសន្យាជួយការស្ថាបនាស្ពានឆ្លងទន្លេមេគង្គ ជួយដល់ការស្ថាបនាផ្លូវដែកតភ្ជាប់កម្ពុជា-ថៃ-ឡាវ និងប្រទេសចិន និងជាពិសេសជួយកម្ពុជាក្នុងវិស័យកសិកម្ម ធ្វើយ៉ាងណាឱ្យផលិតផលកសិផលរបស់កម្ពុជាមានគុណភាពអាចនាំចេញទៅប្រទេសចិនស្របតាមកូតាដែលប្រគល់ជូន ក៏ដូចជាមានគុណភាពសម្រាប់នាំចេញទៅប្រទេសក្រៅផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះជំនួយបន្ថែមនេះ និងបានថ្លែងអំណរគុណដល់ភាគីចិន ដែលកន្លងមកធ្វើជាបង្អែកផ្តល់វ៉ាក់សាំង ធ្វើឱ្យកម្ពុជា បានឆ្លងផុតអំពីការរីករាលដាលជំងឺកូវីដ-១៩ និងបើកប្រទេសឡើងវិញ។

សម្តេចតេជោ ក៏បានអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍដ៏ធំធេងរបស់បក្សកុម្មុយនីស្តចិន និងជូនពរមិត្តចិនឱ្យសម្រេចបានការកសាង និងអភិវឌ្ឍជាច្រើនថែមទៀត ជាពិសេសឈានទៅសម្រេចគោលដៅ១០០ឆ្នាំ លើកទី២ ក្នុងការកសាងប្រទេសសង្គមនិយមបែបទំនើប។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការអបអរសាទរផងដែរ នូវការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងភាពជោគជ័យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ សម្តេចបានជូនពរឱ្យប្រតិភូចិន ជាពិសេស ឯកឧត្តម លី ខឺឈាង ទទួលបានជោគជ័យ ក្នុងការធ្វើទស្សនកិច្ចនៅកម្ពុជាផងដែរ៕

Share.