អាស៊ានមានឯកសារចំនួន៩៩ត្រូវដាក់លើតុដើម្បីជជែកគ្នាក្នុងកិច្ចប្រជុំកំពូល។ នេះបើគិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថាឯកសារទាំងនេះ មានខ្លះត្រូវឆ្លងកាត់សំឡេងឯកច្ឆ័ន្ទពីសមាជិកអាស៊ាន និងមានខ្លះទៀតក៏ត្រូវការការមូលមតិគ្នារវាងអាស៊ាន និងបណ្ដាប្រទេសដៃគូ ឬហៅថាកិច្ចប្រជុំអាស៊ានបូក ដែលធ្វើឱ្យពេលខ្លះ គ្រប់ភាគីមានការលំបាកក្នុងការស្វែងរកការព្រមព្រៀងគ្នាលើខ្លឹមសារឯកសារនីមួយៗ ឬពាក្យពេចន៍មួយម៉ាត់ៗត្រូវប្រើក្នុងឯកសារទាំងនោះ។

ក្នុងនាមជាអ្នកនាំពាក្យកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងនោះ ឯកឧត្តម គង់ ភោគ បានថ្លែងក្នុងកម្មវិធីជំនួបអ្នកសារព័ត៌មាន រៀបចំដោយក្លឹបអ្នកកាសែតកម្ពុជាថា«អ៊ីចឹងពេលខ្លះ ខុសតែមួយម៉ាត់ពីរឬមួយឃ្លាហ្នឹង ក៏មិនអាចរកដំណោះស្រាយបានដែរ។ អ៊ីចឹងត្រូវបន្តការចរចាដែលពេលខ្លះអាចចរចារហូតដល់ម៉ោង២ ម៉ោង៣ភ្លឺ ហើយឈ្លោះគ្នាតែពាក្យមួយម៉ាត់ទេ Welcome! ឬ Noted! អត់ច្រើនទេ ប៉ុន្តែក្នុងមួយម៉ាត់ៗហ្នឹងវាមានន័យផ្សេងៗគ្នា អាមួយគ្រាន់តែទទួលស្គាល់ តែអាមួយទៀតគឺគាំទ្រ»។​

បើតាមឯកឧត្តម គង់​ ភោគ រាល់ពាក្យពេចន៍ដែលត្រូវដាក់ក្នុងសេចក្ដីថ្លែងការណ៍ ឬសេចក្ដីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលអាស៊ាន គឺសុទ្ធតែជាជ​ម្រើសពាក្យ មិនមែនដោយចៃដន្យទេ។

បន្តនិយាយដល់ឯកសារដ៏ច្រើនសន្ធឹកនោះវិញម្ដង ឯកឧត្តម គង់ ភោគ បានបញ្ជាក់ទៅកាន់ក្រុមអ្នកកាសែតប្រមាណជាង១០០នាក់នាឱកាសនោះថា ឯកសារទាំងអស់ ផ្ដោតទៅលើវិស័យស្ថិតក្រោមសរស្ដម្ភទាំង៣របស់អាស៊ាន ដូចជាសង្គមវប្បធម៌ សេដ្ឋកិច្ច នយោបាយ សន្តិសុខជាដើម។ ឯកឧត្តមអះអាងថាឯកសារទាំងនោះ គឺសុទ្ធតែពាក់ព័ន្ធការកំណត់គោលដៅអាស៊ាននៅពេលអនាគត ហើយឯកឧត្តមស្នើអ្នកសារព័ត៌មានជួយផ្សព្វផ្សាយ ប្រសិនបើឯកសារណាមួយត្រូវបានដាក់ចេញក្នុងកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។

ក្រៅពីឯកសារដូចបានឡើកឡើងខាងលើនេះវិញ លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានក្បូដូ និងជាអ្នកកាសែតជើងចាស់តាមស្អិតកិ​ច្ចប្រជុំអាស៊ាន ក៏បានអះអាងដែរថាយ៉ាងហោចណាស់មានប្រធានបទ៥ នឹងស្ថិតក្នុងការតាមដានពីក្រុមអ្នកកាសែតអន្តរជាតិ។ លោកមានប្រសាសន៍ថា ប្រធានបទទាំង៥នោះរួមមាន វិបត្តិនៅមីយ៉ាន់ម៉ា ជម្លោះដុះស្នឹមនៅសមុទ្រចិនខាងត្បូង ការប្រឈមមុខរវាងសត្រូវរួមឈាមកូរ៉េខាងជើង និងខាងត្បូង ចិន និងចិនតៃវ៉ាន់ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

សូមបញ្ជាក់ថាកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៤០ និង៤១ នឹងចាប់ផ្ដើមជាផ្លូវការ ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះហើយ។ រហូតមកដល់យប់ថ្ងៃទី៩ ខែវិច្ឆិកានេះ មានប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល និងប្រធានស្ថាប័នអន្តរជាតិជាបន្ទាប់បានអញ្ជើញមកដល់កម្ពុជា ក្នុងនោះក៏មាននាយករដ្ឋមន្រ្តីចិន និងរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនដែរ ខណៈប្រធានាធិបតីអាមេរិក និងរដ្ឋមន្រ្តីការបរទេសរុស្ស៊ីជាដើមនោះ នឹងអញ្ជើញមកដល់នៅថ្ងៃស្អែក៕

Share.