ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្ដរជាតិ និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ បានមានប្រសាសន៍ថានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានកិច្ចប្រជុំនិងព្រឹត្តិការណ៍សំខាន់ៗចំនួន៧នឹងត្រូវដំណើរការ។

បើតាមឯកឧត្តម គង់ ភោគ សម្រាបថ្ងៃដំបូងនេះ អាស៊ានបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយសន្តិសុខអាស៊ានលើកទី២៥ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣១។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រធានអាស៊ាន កំពុងដឹកនាំកិច្ចប្រជុំនេះ ខណៈកម្មវីធីបន្ទាប់ គឺព្រះរាជសវនាការព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាលអាស៊ាន។

ទន្ទឹមគ្នាននេះ គឺពិធីចុះហត្ថលេខាលើលិខិតូបករណ៍ នៃការចូលជា សមាជិក នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ជំនួបដាច់ដោយឡែករវាងបណ្តាថ្នាក់ដឹកនាំអាស៊ានជាមួយ តំណាងអន្តរសភា តំណាងយុវជន និងក្រុមប្រឹក្សា ធុរកិច្ចអាស៊ាន ដែលដឹកនាំប្រជុំដោយសម្តេចអគ្គសេនា បេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានបន្ថែមថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ សន្តិសុខ អាស៊ានលើកទី២៥ នឹងពិនិត្យមើលឡើងវិញនូវការវិវត្តន៍ថ្មីៗតាមវិស័យ នៃសសរស្តម្ភ សហគមន៍នយោបាយសន្តិសុខអាស៊ាន ក៏ដូចជាការតាមដានការអនុវត្ត និងការពិនិត្យមើល ឡើងវិញនូវផែនទីបង្ហាញផ្លូវលម្អិតសហគមន៍ នយោបាយសន្តិសុខអាស៊ានឆ្នាំ២០២៥។

ទាក់ទងនឹងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣១ រដ្ឋមន្រ្តីការបរទេស នឹងពិនិត្យមើលឡើង វិញទៅលើវឌ្ឍនភាព នៃការអនុវត្តគំនិតផ្តួចផ្តើមគន្លឹះរបស់អាស៊ាន អាទិភាព និងការសម្រេចបានសម្រាប់ ឆ្នាំ២០២២ ក៏ដូចជាការដាក់ចេញគំនិតផ្តួច ផ្តើមសំខាន់ៗរបស់អាស៊ានដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ព្រមទាំងការដាក់ពាក្យ ស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត។

បើតាមឯកឧត្ដម គង់ ភោគ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងកិច្ចប្រជុំ ពាក់ព័ន្ធនៅក្នុងថ្ងៃនេះ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ឯកឧត្ដម ឌ្មីត្រូ គូឡេបា នឹងចុះហត្ថលេ ខាលើលិខិតូបករណ៍នៃការចូល ជាសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ ដែលប្រទេសអ៊ុយក្រែន នឹងក្លាយជាសមាជិកទី៥០ នៃសន្ធិសញ្ញានេះ។

ដោយឡែក ជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន និងតំណាងអន្តរសភា គឺមានគោលបំណង ផ្លាស់ប្តូរទស្សនៈ សំខាន់ៗ រវាងស្ថាប័ននីតិប្រតិបត្តិរបស់អាស៊ាន និងស្ថាប័ននីតិបញ្ញត្តិរបស់ អាស៊ានអំពីវឌ្ឍនភាពបញ្ហា ប្រឈម និងការស្វែងរកដំណោះស្រាយរួមដើម្បីពង្រឹង សហគមន៍អាស៊ាន។

សម្រាប់ជំនួប រវាងថ្នាក់ដឹក នាំអាស៊ាន និងតំណាងយុវជនអាស៊ាន ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ នឹងអនុញ្ញាតឱ្យតំណាងយុវជន អាស៊ានបានជួបផ្ទាល់ជា មួយថ្នាក់ដឹកនាំអាស៊ាន ដើម្បីលើកឡើងនូវគំនិតទស្សនៈ ការព្រួយបារម្ភ និងដំណោះស្រាយ ក៏ដូចជាទទួលបាននូវការណែនាំ និងការចែករំលែកពីបណ្តាថ្នាក់ដឹកនាំអាស៊ាន វិញផងដែរ។

ឯកឧត្ដមរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា កិច្ចប្រជុំដាច់ដោយឡែកមួយទៀត រវាងប្រមុខដឹកនាំអាស៊ាន ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន គឺជាកិច្ចសន្ទនានៃការ ផ្លាស់ប្តូរយោបល់ ជាពិសេសចែករំលែកពីវិស័យ ឯកជន ក្នុងការធ្វើយ៉ាងណាឱ្យវិស័យ ធុរកិច្ចឯកជននៅអាស៊ានមានការរីកចម្រើនទៅមុខ ក៏ដូចជាការ ទទួលយកនូវអនុសាសន៍ និងការចែករំលែកផ្សេងៗពីបណ្តាថ្នាក់ដឹកនាំអាស៊ាន ដើម្បីធានានូវការចូល រួមចំណែក យ៉ាងសកម្មរបស់វិស័យធុរកិច្ចឯកជនក្នុងការកសាងសហគមន៍អាស៊ានជាដើម៕

Share.