ពលករខ្មែរ ១០នាក់បាននាំគ្នាត្រឡប់មកពីប្រទេសថៃតាមផ្លូវកាត់ច្រករបៀងត្រូវសមត្ថកិច្ចនាំខ្លួនណែនាំ និងធ្វើចត្តាឡីស័កទប់ស្កាត់ជំងឺកូវីដ-១៩។

នគរបាលការពារគោលដៅតំបន់ព្រំដែនបានឲ្យដឹងថា អនុវត្តតាមផែនការស្តីពីការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ  នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ កន្លងមកនេះកម្លាំងចម្រុះបានចុះល្បាតនាំខ្លួនពលករខ្មែរចំនួន  ១០នាក់ដោយអនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ពីខាងក្រៅចូលមកក្នុងប្រទេស។

បើតាមសមត្ថកិច្ច ពលករទាំង ១០នាក់នេះបាននាំគ្នាលួចឆ្លងដែនដោយចេញពីទឹកដីថៃ ហើយចូលមកប្រទេសកំណើតវិញកាត់តាមចំណុចភូមិសាស្ត្រភូមិគីឡូលេខ ៩ ឃុំជ្រៃសីមា និងភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ពលករខ្មែរទាំងអស់សរុបចំនួន  ១០នាក់ រួមមាន៖ បុរសចំនួន ៤នាក់ ស្ត្រី និងក្មេងចំនួន ៦នាក់បាននាំគ្នាព្យាយាមគេចវេសមិនចូលធ្វើចត្តាឡីស័កប៉ុន្តែក៏ត្រូវសមត្ថកិច្ចនាំខ្លួនតែម្តង។

បន្ទាប់ពីការសាកសួរ និងណែនាំអប់រំរួចរាល់កម្លាំងការពារគោលដៅតំបន់ព្រំដែនបានប្រគល់ពលករទាំង ១០នាក់ទៅឲ្យក្រុមគ្រូពេទ្យដើម្បីនាំយកទៅធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យកូន  ភ្នំ៣២ តាមវិធានសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល៕

អត្ថបទ៖ដំបងក្រញូង

Share.