ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ក្រោយបញ្ចប់កិច្ចប្រជុំអាស៊ាន នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ បានលើកឡើងពីលទ្ធភាពប្រទេសទីម័រខាងកើត ក្នុងដំណើរដើម្បីក្លាយជាសមាជិកទី១១របស់អាស៊ាន។

សម្រាប់កម្ពុជា ឯកឧត្តម គង់ ភោគ បានមានប្រសាសន៍ថា កម្ពុជាគាំទ្រ និងបានលើកឡើងពីភាពចាំបាច់ក្នុងការជួយប្រទេសមីទីម័រខាងកើត ដើម្បីត្រៀមខ្លួនចូលជាសមាជិកទី១១របស់អាស៊ាន។ ឯកឧត្តមបានរម្លឹកថាដំណើរការស្វែងយល់ការពិតអំពីប្រទេសទីម័រខាងកើតមុនសម្រេចទទួលឱ្យចូលសមាជិកអាស៊ាន បានធ្វើឡើងតាំងពីឆ្នាំ២០១៩ម្លេះ ប៉ុន្តែបានពន្យាពេល ក្នុងនោះក៏ដោយសារកូវីដ-១៩។

ឯកឧត្តម គង់​ ភោគ បានបន្តថានៅពេលបានចូលកាន់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២២នេះ កម្ពុជាបានចាត់ទុកការចូលសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើតជាកិច្ចការទិភាព និងបានខិតខំជំរុញឱ្យឈានទៅបញ្ចប់ការស្វែងយល់ការពិតអំពីប្រទេសទីម័រខាងកើតឱ្យរួចរាល់ក្នុងឆ្នាំនេះ និងឈានទៅចេញការវាយតម្លៃឱ្យទាន់ពេលសម្រាប់កិច្ចប្រជុំកំពូលនេះ។

បើតាមឯកឧត្តម គង់ ភោគ តាមរយៈការវាយតម្លៃពីស្ថានភាពនៅទីម័រខាងកើត អាស៊ានបានសម្លឹងឃើញភាពវិជ្ជមានច្រើន ដូចជាសមត្ថភាព លទ្ធភាព និងការព្យាយាមធ្វើកំណែទម្រង់ពិសេសផ្នែកច្បាប់ និងកាតព្វកិច្ចសេដ្ឋកិច្ច និងថាទោះបីមានការខ្វះខាតមួយចំនួនក្ដី ប៉ុន្តែអាស៊ានគាំទ្រការចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត។

ឯកឧត្តមបន្ថែមថា«ជារួមអាស៊ាន គាំទ្រការចូលជាសមាជិករបស់ទីម័រខាងកើត ហើយនឹងព្យាយាមធ្វើយ៉ាងណាស្វែងរកមធ្យោបាយដើម្បីជួយទីម័រខាងកើត​បំពេញបន្ថែមកន្លែងខ្វះខាតទាំងអស់នោះ ហើយខ្ញុំគិតថាទាំងអស់គ្នាគឺសុទ្ធតែសង្ឃឹមថាទីម័រខាងកើតអាចចូលជាសមាជិកអាស៊ានឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

ឯកឧត្តម គង់ ភោគ ក៏បានអះអាងថាកម្ពុជាចង់ឃើញទីម័រខាងកើតចូលជាសមាជិកនៅក្នុងឆ្នាំ២០២២នេះ ប៉ុន្តែថាអាស៊ានក៏ត្រូវមានភាពប្រាកដប្រជាពាក់ព័ន្ធនឹងដំណើរការពង្រឹងសមត្ថភាពរបស់ទីម័រផងដែរ។ «ខ្ញុំគិតថានៅពេលប្រជុំថ្នាក់ដឹកនាំកំពូលនៅថ្ងៃស្អែក យើងនឹងមានព័ត៌មានបន្ថែមទៀត ដោយសារតែរាល់ឯកសារទាំងអស់ រាល់ការសម្រេចចិត្តទាំងអស់ នឹងធ្វើការកត់សម្គាល់ដោយថ្នាក់ដឹកនាំកំពូលលើកទី៤០ និងលើកទី៤១»៕

Share.