ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy មិនទទួលបានឱកាសថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធអាស៊ាន លើកទី៤០ និង៤១ ដែលកម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះនៅសប្ដាហ៍នេះឡើយ។ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ បានលើកហេតុផលបញ្ជាក់ទៅកាន់ក្រុមអ្នកកាសែតថាដោយសារការសម្រេចចិត្តផ្ដល់ជូនឬមិនផ្ដល់នេះ ត្រូវការសំឡេងឯកច្ឆ័ន្ទពីសមាជិកអាស៊ានទាំងមូល។

ក្នុងសន្និសីទកាសែតប្រចាំថ្ងៃ ក្រោយកិច្ចប្រជុំអាស៊ាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ ភោគ បានបន្តថា«ម្យ៉ាងក្នុងនាមជាភ្ញៀវសម្រាប់ប្រធានអាស៊ាន ជាទូទៅ(អ៊ុយក្រែន)អាចចូលរួមនៅក្នុងកម្មវិធី​បើក ឬកម្មវិធីដែលមិនពាក់ព័ន្ធជាមួយនឹងកិច្ចប្រជុំជាក់ស្ដែងរបស់អាស៊ាន ដូច្នេះនៅក្នុងករណីនេះ គឺយើងមិនមានស្ថានភាពហ្នឹងទេ គាត់មិនអាចថ្លែងសុន្ទរកថានៅក្នុងកម្មវិធីអ្វីមួយក្នុងកិច្ចប្រជុំកំពូល និងកិច្ចប្រជុំកំពូលពាក់ព័ន្ធឡើយ»។

កម្ពុជានឹងដំណើរការកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធនៅថ្ងៃទី១១ ខែវិច្ឆិកាស្អែកនេះ បន្ទាប់ពីថ្ងៃនេះមេដឹកនាំអាស៊ានបានចូលគាល់ព្រះមហាក្សត្រកម្ពុជា ព្រមទាំងបានបើកកិច្ចប្រជុំជាមួយអន្តរសភាអាស៊ាន និងតំណាងយុវជនអាស៊ាន។ កិច្ចប្រជុំចាប់ពីថ្ងៃស្អែកនេះទៅ គឺមានទាំងកិច្ចប្រជុំកម្រិតមេដឹកនាំអាស៊ាន និងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ានជាមួយប្រទេសដៃគូ ពិសេសដៃគូមហាអំណាចដែលពាក់ព័ន្ធដោយផ្ទាល់ក្នុងសង្គ្រាមនៅអ៊ុយក្រែនគឺរុស្ស៊ី និងដៃគូពាក់ព័ន្ធប្រយោល ដូចជាអាមេរិក និងចិនជាដើម។

យ៉ាងណាក៏ដោយ នៅថ្ងៃនេះ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនកំពុងបំពេញទស្សនកិច្ចកម្ពុជា ដោយបានជួបពិភាក្សាទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងនោះ បានចុះហត្ថលេខាសន្ធិសញ្ញាមិត្តភាព​ និង​ដៃគូ​សហប្រតិបត្តិការ​អាស៊ីអាគ្នេយ៍ ​(TAC) ក្នុងកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ រដ្ឋមន្ត្រីការ​បរទេស​កម្ពុជា ​ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចាត់ហៅការចូល​ជាសមាជិករបស់អ៊ុយក្រែន​នាពេលនេះថាជា​សមទ្ធិផល​ដ៏ធំមួយ​របស់​កម្ពុជាដែលជាប្រធានអាស៊ាន។​ 

ពាក់ព័ន្ធនឹងវត្តមានប្រមុខការទូតអ៊ុយក្រែននេះដែរ ឯកឧត្តម គង់​ ភោគ បានគូសបញ្ជាក់ថាក្នុងនាមកម្ពុជាដែលជាប្រធានអាស៊ាន បានខិតខំព្យាយាមជួយឱ្យអស់លទ្ធភាព ដោយសារកម្ពុជាមើលឃើញពីសារៈសំខាន់នៃការកសាងសន្តិភាព និងរក្សាសន្តិភាព និងទាំងបានប​ន្ថែមទៀតថា«យើងក៏ចង់ឃើញសន្តិភាព និងស្ថិរភាពនៅតំបន់អ៊ុយក្រែនផងដែរ ដូច្នេះអាស៊ានគឺត្រៀមខ្លួនរួចជាស្រេច ក្នុងករណីភាគីពាក់ព័ន្ធគិតថាគាត់មើលឃើញពីតួនាទីរបស់អាស៊ានក្នុងការជួយសម្របសម្រួល»។

បើតាមឯកឧត្តម គង់​ ភោគ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កលក្ខណៈឱ្យគ្រប់ភាគីបានផ្លាស់ប្ដូរយោបល់គ្នា និងថា«ម្យ៉ាងវេទិកាទាំងអស់ដែលអាស៊ាននឹងរៀបចំក្នុងប៉ុន្មានថ្ងៃខាងមុខក៏វាជាវេទិកាដ៏ល្អសម្រាប់ភាគីពាក់ព័ន្ធប្រើប្រាស់ក្នុងការផ្លាស់ប្ដូរយោបល់ ក៏ដូចជាលើកយកនូវចំណុចខ្វែងគំនិតគ្នា ហើយស្វែងរកដំណោះស្រាយ នេះជាក្ដីសង្ឃឹមរបស់យើង ហើយយើងត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសម្របសម្រួល»។

ក្នុងជំនួបតាមទូរសព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន កាលពីសប្ដាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានស្នើសុំសម្ដេចជួយសម្របសម្រួលឱ្យខ្លួនបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំអាស៊ាន។ សម្ដេចតេជោ ក្នុងពេលនោះក៏មិនទាន់ឆ្លើយតបថាបានឬមិនបាននោះដែរ ដោយសម្ដេចបានមានប្រសាសន៍ថាសំណើរនេះត្រូវឆ្លងកាត់ការឯកភាពពីសមាជិកអាស៊ានទាំងមូល។

មែនទែនទៅ សមាជិកអាស៊ានមួយចំនួន បានបង្ហាញជំហរអល់អែករឿងនេះរួចបាត់ទៅហើយ តាមរយៈការព្យាយាមនៅឆ្ងាយពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ពិសេសមានប្រទេសខ្លះ ដូចជាវៀតណាមជាដើម មិនបានបោះឆ្នោតគាំទ្រការសម្រេចចិត្តប្រឆាំងរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅក្នុងអង្គការសហប្រជាជាតិឡើយ ក្នុងពេលដែលកម្ពុជាគឺប្រទេសស្ថាបនិកនិងបានបង្ហាញជំហរច្បាស់មិនគាំទ្រការឈ្លានពាននេះ៕

Share.