ប្រមុខរាជរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាលអាស៊ាន ត្រៀមចេញសេចក្ដីថ្លែងការណ៍សំខាន់ៗចំនួន៣ សម្រាប់កិច្ចប្រជុំកំពូលដែលបាននិងកំពុងប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២នេះ។ នេះបើតាមសម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

បើតាមសម្ដេចតេជោ សេចក្ដីថ្លែងការណ៍ទាំងនោះ រួមមានសេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីខួបលើកទី៥៥នៃការបង្កើតអាស៊ាន បន្ថែមដោយសេចក្ដីថ្លែងការណ៍២ទៀត គឺសេចក្ដីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពី អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា និងសេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីរបៀបវារៈនៃការតភ្ជាប់អាស៊ាន ក្រោយឆ្នាំ២០២៥។

សម្ដេចប្រធានអាស៊ានបានហៅសេចក្ដីថ្លែងការណ៍ទាំង៣នេះ ថាមគ្គុទេសក៍គោលនយោបាយដែលបង្ហាញពីការតាំងចិត្តរបស់អាស៊ានក្នុងការកសាងអនាគតអាស៊ាន ដែលទៅជាសហគមន៍មានការឯកភាព បរិយាបន្ន ភាពធន់ និងនីតិរដ្ឋ ជាសហគមន៍ពោពេញដោយកាលានុវត្តភាពដែលប្រជាជនអាចមានការតភ្ជាប់គ្នាយ៉ាងរលូន ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ បរិស្ថានសុខភាពល្អ និងគាំពារសង្គម។

មិនត្រឹមតែប៉ុណ្ណោះ សេចក្ដីថ្លែងការណ៍ចេញពីរាជធានីភ្នំពេញទាំង៣នេះ ក៏ត្រូវបានសម្ដេចអះអាងថានឹងធ្វើឱ្យអាស៊ានជាសហគន៍ដើរតួនាទីសម្រាប់និម្មាបនកម្មតំបន់ដែលប្រែប្រួលយ៉ាងឆាប់រហ័ស និងពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយផ្អែកលើទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមកដើម្បីសន្តិភាព សន្តិសុខ និងកំណើនប្រកបដោយចីរភាពក្នុងតំបន់ ក៏ដូចជាសាកលលោកទាំងមូល។

សូមបញ្ជាក់ថាកិច្ចប្រជុំកំពូលអាស៊ានដែលបាននិងកំពុងប្រព្រឹត្តិទៅនេះ មិនមានវត្តមានតំណាងមិនមែននយោបាយមកពីប្រទេសមីយ៉ាន់ម៉ាចូលរួមតាមការអញ្ជើញរបស់អាស៊ាននោះទេ។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីក៏បានបញ្ជូនប្រេសិតពិសេសមកចូលរួមដែរ ដោយសារជាប់ធុរៈកិច្ចការបោះឆ្នោតផ្ទៃក្នុងប្រទេស។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងបន្តប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕

Share.