ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានឆ្លៀតឱកាសពីកិច្ចប្រជុំអាស៊ាន ជួបពិភាក្សាគ្នាជាមួយ ឯកឧត្តម ឌីមីត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន។ ជំនួបបានធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ ហើយខ្លឹមសារស្ដីពីលទ្ធផលនៃជំនួបនោះត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរអ៊ុយក្រែនដែលចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នាឱកាសកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ និងបានរំលឹកពីកិច្ចពិភាក្សាតាមប្រព័ន្ធទូរស័ព្ទប្រកបដោយផ្លែផ្កា រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម វ៉ូឡូឌីមៀ ហ្សេលឡិនស្គី ប្រធានាធិបតីអ៊ុយក្រែនកាលពីពេលថ្មីៗនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវជំហរជាគោលការណ៍របស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន និងសង្ឃឹមថា ដំណោះស្រាយដោយសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនេះ នឹងអាចកើតមានក្នុងពេលឆាប់ៗ ដើម្បីអ៊ុយក្រែនទទួលបានសន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍ និងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយសហការជាមួយប្រទេសជប៉ុន។

ក្រសួងការបរទេសឱ្យដឹងថា ឯកឧត្តម ឌីមីត្រូ គូលេបា បានអបអរសាទរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងជូនពរកម្ពុជាទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ឯកឧត្តមក៏បានអរគុណកម្ពុជាយ៉ាងជ្រាលជ្រៅចំពោះការប្រកាន់យកជំហរប្រកបដោយគោលការណ៍ចំពោះសង្គ្រាមនៅអ៊ុយក្រែន ភាពសប្បុរសក្នុងការជួយអ្នកដោះមីនរបស់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែលអាចធ្វើឱ្យអ៊ុយក្រែនចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ឯកឧត្ដមរដ្ឋមន្រ្តីទាំងពីរ បានកត់សម្គាល់អំពីកំណើននៃទំនាក់ទំនងជាមិត្តភាពកម្ពុជា-អ៊ុយក្រែន ដែលបានឆ្លុះបញ្ចាំងតាមរយៈជំនួបកំរិតខ្ពស់សំខាន់ៗនាពេលថ្មីៗនេះ ការឯកភាពគ្នាលើការតែងតាំងនិងផ្លាស់ប្តូរឯក-អគ្គរាជ/រដ្ឋទូតទៅវិញទៅមកក្នុងពេលឆាប់ៗ និងការព្រមព្រៀងក្នុងការបង្កើតអោយមានកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។

រដ្ឋមន្រ្តីការទេសអ៊ុយក្រែន បានអញ្ជើញមកដល់កម្ពុជាក្នុងនាមជាភ្ញៀវសម្ដេចតេជោដែលជាប្រធានអាស៊ាន និងដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តម បានជួបពិភាក្សាទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយនៅថ្ងៃនេះក៏បានចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានផងដែរ។ ឆាប់ៗនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីក៏នឹងមកចូលរួមកិច្ចប្រជុំអាស៊ានដែរ។

ពាក់ព័ន្ធនឹងវត្តមានប្រមុខការទូតអ៊ុយក្រែននេះដែរ ឯកឧត្តម គង់​ ភោគ បានគូសបញ្ជាក់ថាក្នុងនាមកម្ពុជាដែលជាប្រធានអាស៊ាន បានខិតខំព្យាយាមជួយឱ្យអស់លទ្ធភាព ដោយសារកម្ពុជាមើលឃើញពីសារៈសំខាន់នៃការកសាងសន្តិភាព និងរក្សាសន្តិភាព និងទាំងបានប​ន្ថែមទៀតថា«យើងក៏ចង់ឃើញសន្តិភាព និងស្ថិរភាពនៅតំបន់អ៊ុយក្រែនផងដែរ ដូច្នេះអាស៊ានគឺត្រៀមខ្លួនរួចជាស្រេច ក្នុងករណីភាគីពាក់ព័ន្ធគិតថាគាត់មើលឃើញពីតួនាទីរបស់អាស៊ានក្នុងការជួយសម្របសម្រួល»។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ម្សិលមិញ ឯកឧត្តម គង់​ ភោគ បានបន្តថាកម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កលក្ខណៈឱ្យគ្រប់ភាគីបានផ្លាស់ប្ដូរយោបល់គ្នា និងថា«ម្យ៉ាងវេទិកាទាំងអស់ដែលអាស៊ាននឹងរៀបចំក្នុងប៉ុន្មានថ្ងៃខាងមុខក៏វាជាវេទិកាដ៏ល្អសម្រាប់ភាគីពាក់ព័ន្ធប្រើប្រាស់ក្នុងការផ្លាស់ប្ដូរយោបល់ ក៏ដូចជាលើកយកនូវចំណុចខ្វែងគំនិតគ្នា ហើយស្វែងរកដំណោះស្រាយ នេះជាក្ដីសង្ឃឹមរបស់យើង ហើយយើងត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសម្របសម្រួល»។

ក្នុងជំនួបតាមទូរសព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន កាលពីសប្ដាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានស្នើសុំសម្ដេចជួយសម្របសម្រួលឱ្យខ្លួនបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំអាស៊ាន។ សម្ដេចតេជោ ក្នុងពេលនោះក៏មិនទាន់ឆ្លើយតបថាបានឬមិនបាននោះដែរ ដោយសម្ដេចបានមានប្រសាសន៍ថាសំណើរនេះត្រូវឆ្លងកាត់ការឯកភាពពីសមាជិកអាស៊ានទាំងមូល។

មែនទែនទៅ សមាជិកអាស៊ានមួយចំនួន បានបង្ហាញជំហរអល់អែករឿងនេះរួចបាត់ទៅហើយ តាមរយៈការព្យាយាមនៅឆ្ងាយពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ពិសេសមានប្រទេសខ្លះ ដូចជាវៀតណាមជាដើម មិនបានបោះឆ្នោតគាំទ្រការសម្រេចចិត្តប្រឆាំងរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅក្នុងអង្គការសហប្រជាជាតិឡើយ ក្នុងពេលដែលកម្ពុជាគឺប្រទេសស្ថាបនិកនិងបានបង្ហាញជំហរច្បាស់មិនគាំទ្រការឈ្លានពាននេះ៕

Share.