«ខណៈដែលយើងកំពុងសប្បាយរីករាយជាមួយនឹងផ្លែផ្កាពីការខិតខំរបស់យើងលើវិថីឆ្ពោះទៅកាន់កំណើនប្រកបដោយចីរភាពនេះ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយស្ថានភាពសង្គម សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ»។ នេះជាសម្រង់ខ្លឹមសារសុន្ទកថាដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែង​ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ រៀបចំនៅសណ្ឋាគារសុខាភ្នំពេញ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ាន បានបន្តក្នុងន័យដើមថា«យើងកំពុងស្ថិតនៅលើចំណុចប្រសព្វដ៏ ស្រពេចស្រពិលបំផុត ដែលជីវិតមនុស្សរាប់លាននាក់ក្នុងតំបន់ ពឹងផ្អែកលើឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយ និងការសម្រេចចិត្តត្រឹមត្រូវ និងអភិក្រម ប្រាកដនិយមរបស់យើង ក្នុងការដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រនានា ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ»។ 

យ៉ាងណាក៏ដោយ ភ្ជាប់នឹងការលើកឡើងនូវពាក្យស្លោកមួយបានពោលថា«គ្រោះមហន្តរាយ និងវិបត្តិ អាចបញ្ចេញមកនូវឧត្តមភាពរបស់មនុស្ស» សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញជំនឿចិត្តចំពោះអកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានាឱកាសនេះថានឹងមានការចែករំលែកនូវការយល់ឃើញពីភាពបន្ទាន់ ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមរួមខាងលើ ដោយបានបន្ថែមថា «ខ្ញុំក៏ជឿជាក់ថា អ្នកទាំងអស់គ្នាយល់ស្របជាមួយនឹងមូលបទឆ្នាំនេះ អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំង អស់គ្នា ដែលត្រូវនឹងបរិបទ ហើយក៏សមស្របនឹងស្ថានការណ៍បច្ចុប្បន្ន។

សូមបញ្ជាក់ថានៅថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាលអាស៊ាន ត្រៀមចេញសេចក្ដីថ្លែងការណ៍សំខាន់ៗចំនួន៣ រួមមានសេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីខួបលើកទី៥៥នៃការបង្កើតអាស៊ាន បន្ថែមដោយសេចក្ដីថ្លែងការណ៍២ទៀត គឺសេចក្ដីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពី អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា និងសេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីរបៀបវារៈនៃការតភ្ជាប់អាស៊ាន ក្រោយឆ្នាំ២០២៥។

សម្ដេចប្រធានអាស៊ានបានហៅសេចក្ដីថ្លែងការណ៍ទាំង៣នេះ ថាមគ្គុទេសក៍គោលនយោបាយដែលបង្ហាញពីការតាំងចិត្តរបស់អាស៊ានក្នុងការកសាងអនាគតអាស៊ាន ដែលទៅជាសហគមន៍មានការឯកភាព បរិយាបន្ន ភាពធន់ និងនីតិរដ្ឋ ជាសហគមន៍ពោពេញដោយកាលានុវត្តភាពដែលប្រជាជនអាចមានការតភ្ជាប់គ្នាយ៉ាងរលូន ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ បរិស្ថានសុខភាពល្អ និងគាំពារសង្គម។

មិនត្រឹមតែប៉ុណ្ណោះ សេចក្ដីថ្លែងការណ៍ចេញពីរាជធានីភ្នំពេញទាំង៣នេះ ក៏ត្រូវបានសម្ដេចអះអាងថានឹងធ្វើឱ្យអាស៊ានជាសហគន៍ដើរតួនាទីសម្រាប់និម្មាបនកម្មតំបន់ដែលប្រែប្រួលយ៉ាងឆាប់រហ័ស និងពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយផ្អែកលើទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមកដើម្បីសន្តិភាព សន្តិសុខ និងកំណើនប្រកបដោយចីរភាពក្នុងតំបន់ ក៏ដូចជាសាកលលោកទាំងមូល៕

Share.