ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា ដណ្តើមបានជើងឯកក្នុងព្រឹត្តិការណ៍ ICRC International Wheelchair Basketball Tournament ក្រោយឈ្នះម្ចាស់ផ្ទះឥណ្ឌា ក្នុងលទ្ធផល ៥៥-១៤ នៅវគ្គផ្តាច់ព្រ័ត្រ នារសៀលថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា នៅប្រទេសឥណ្ឌា។

បន្ទាប់ពីឆ្លងកាត់៤ប្រកួត ក្រុមកីឡាការិនីកម្ពុជា នៅតែឈរលេខ១ក្នុងពូល ទាំងដំណាក់កាលទី១ និងដំណាក់កាលទី២។ បន្ទាប់ពីការប្រកួតកម្រិតអន្តរជាតិ នៅឥណ្ឌា កីឡាករ កីឡាការិនីបាល់បោះជនពិការកម្ពុជា គ្រោងនឹងប្រកួតជម្រុះជាមួយប្រទេសហ្វីលីពីន និងឡាវ ដើម្បីយកសិទ្ធិចូលរួមការប្រកួតអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសចិន ឆ្នាំ២០២៣ខាងមុខ។

សហព័ន្ធកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានបញ្ជូនតែក្រុមនារីចូលរួមប៉ុណ្ណោះ តបតាមការអញ្ជើញរបស់ប្រទេសឥណ្ឌាជាម្ចាស់ផ្ទះ ជាមួយបណ្តាប្រទេសជាច្រើនទៀត ចូលរួមសរុប៨ប្រទេស ដូចជា ប្រទេសនេប៉ាល់ បង់ក្លាដែស កម្ពុជា លីប៊ី អាហ្វហ្គានីស្ថាន ស៊ីរី ហ្គាណា និងឥណ្ឌា។ ដោយឡែកក្រុមនារីមានតែ៣ប្រទេសចូលរួម គឺកម្ពុជា នេប៉ាល់ និងម្ចាស់ផ្ទះឥណ្ឌា។

គួររម្លឹកថា កីឡាបាល់បោះជិះរទេះជនពិការ ផ្នែកនារី គឺជាកីឡាសក្តានុពលរបស់កម្ពុជា ដែលធ្លាប់ឈ្នះមេដាយមាស១គ្រឿង ប្រាក់១គ្រឿង ពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២កន្លងទៅថ្មីនេះ ក្នុងចំណោម ១១ប្រភេទកីឡាចូលរួម។

ខណ:ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (CAMAPGOC ) បានត្រៀម១២ប្រភេទកីឡា ដាក់ឲ្យប្រកួតប្រជែង៕

Share.