ឯកឧត្តម អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ហៅកាត់ថាUN បានអញ្ជើញមកដល់កម្ពុជាហើយ នៅវេលាម៉ោងជាង២រសៀល នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ វត្តមានប្រមុខអង្គការសហប្រជាជាតិនាពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះ។

ដោយឡែកនៅប៉ុន្មានម៉ោង មុនការអញ្ជើញមកដល់របស់ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម យូន ស៊ុកយុល (Yoon Suk-yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)  និងលោកជំទាវ ក៏បានអញ្ជើញដឹកនាំគណៈប្រតិភូមមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមកដឹកនាំរបស់សម្ដេចតេជោផងដែរ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងស្ថិតក្នុងចំណោមរដ្ឋមន្រ្តីវ័យក្មេង៣រូបនៃរាជរដ្ឋាភិបាលកម្ពុជា គឺជាឥស្សរជនតំណាងរាជរដ្ឋាភិបាលដែលបានអញ្ជើញទៅទទួលបដិសណ្ឋារកិច្ចឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឯកឧត្តមប្រធានាធិបតីកូរ៉េខាងត្បូងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

Share.