កម្ពុជាបានអះអាងសាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះ «គោលនយោបាយចិនមួយ» និងប្រឆាំងចំពោះសកម្មភាព និងពាក្យពេចន៍ទំាងឡាយណា ដែលបំផ្លាញដល់អធិប​តេយ្យ​ភាព និងបូរណភាពដែនដីចិន ប្រឆាំងរាល់ទម្រង់នៃសកម្មភាពរបស់ពួកបំបែកខ្លួនដើម្បីទា​ម​ទា​រ «ឯករាជ្យភាពតៃវ៉ាន់» និងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអ​ធិបតេយ្យ ក្រោមហេតុផលណាក៏ដោយ។ នេះបើតាមប្រកាសព័ត៌មានស្ដីពីលទ្ធផលដំណើរទស្សនកិច្ចឯកឧត្តមនាយករដ្ឋមន្រ្តីចិន លី ខឺឈាង នៅកម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល កម្ពុជាគាំទ្ររាល់កិច្ចប្រឹងប្រែងរបស់ចិន ក្នុងកិច្ចការពារផលប្រ​យោ​ជ​ន៍ស្នូល​ និ​​ង​​​​សម្រេចបាននូវការបង្រួបបង្រួមជាតិ។ ភាគីចិនបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់កម្ពុជា ចំពោះ​ជំហរទាំងនេះ ហើយបានអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការអភិវឌ្ឍជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយបានបញ្ជាក់សាជាថ្មីពីការគោរពឯករាជ្យភាព អធិបតេ​យ្យ​ភា​ព និងបូរណភាពដែនដីកម្ពុជា និងបានអះអាងពីការគាំទ្រ ចំពោះជម្រើសនៃមាគ៌ាអភិ​វឌ្ឍ​​​ន៍របស់ប្រជាជ​នកម្ពុជា ស្របទៅនឹងលក្ខខណ្ឌជាតិរបស់កម្ពុជា។

ភាគីចិនបានក៏បានបញ្ជាក់សាជា​ថ្មីពី​​​​ការប្ដេជ្ញាចិត្តគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីរក្សាស្ថិរភាពដ៏យូរអង្វែង ការអ​ភិ​វឌ្ឍ និ​ង​ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងបានជូនពរយ៉ាងស្មោះស្ម័​​គ្រ​ និងមានជំនឿយ៉ា​​ងមុតមាំថា កម្ពុជានឹងបន្តសម្រេចបានវឌ្ឍនភាពថ្មីៗទៀត ក្នុងការអភិ​វឌ្ឍ​​ជា​តិ និងសុខុមាលភា​ពជូនប្រជាជន ក្រោមម្លប់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សី​ហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមា​ន សម្តេ​ច​តេ​ជោនាយករដ្ឋមន្ត្រីជាប្រមុខ។

ចំពោះបញ្ហាសមុទ្រចិនខាងត្បូងដែលជារបៀបវារៈមួយនៃកិច្ចប្រជុំអាស៊ាន ភាគីទំាងពីរជឿជាក់ថាដោយសារកិច្ចប្រឹងប្រែងរួមគ្នានៃប្រទេសសមាជិកអាស៊ាន និងចិន ស្ថានភា​ព​សមុទ្រចិនខាងត្បូងបានរក្សានូវស្ថិរភាពជារួម និងបានសង្កត់ធ្ងន់ថា «សេចក្តីប្រកាស ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង» បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។

កម្ពុជា និងចិន ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធបន្តអនុវត្តឱ្យបានពេញលេញ និងប្រសិទ្ធភាព ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្លូវសមុ​ទ្រជាក់ស្តែង និងឈានទៅសម្រេចនូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងឱ្យបានឆាប់ ឈរលើមូលដ្ឋានឯកច្ឆន្ទទៅវិញទៅមក ដើម្បីកសាងសមុទ្រចិនខាងត្បូង ទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចស​ហ​ប្រតិបត្តិការ។

សូមបញ្ជាក់ថាសេចក្ដីប្រកាសស្ដីពីលទ្ធផលដំណើរទស្សនកិច្ចនាយករដ្ឋមន្រ្តីចិននៅកម្ពុជានាពេលនេះ បានធ្លាក់មកតំណាលគ្នានឹងអាស៊ានក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានកំពុងដំណើរការកិច្ចប្រជុំអាស៊ានចិនជាមួយរដ្ឋមន្រ្តី លី ខឺឈាង។ សេចក្ដីថ្លែងការណ៍រួមមួយរវាងមេដឹកនាំអាស៊ាន និងចិន អាចនឹងត្រូវបានចេញផ្សាយនៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកានេះ៕

Share.