ឯកឧត្តម ចូ បៃឌិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ជាមួយនឹងវត្តមានប្រធានាធិបតីអេមរិក ក៏មានដែរ រដ្ឋមន្រ្តីការបរទេសអាមេរិក អង់តូនី ប្លីងឃិន។ នេះជាលើកទី២ហើយដែលរដ្ឋមន្រ្តីការបរទេសអាមេរិកមកចូលរួមប្រជុំអាស៊ាននៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២២។ ឯកឧត្តម ចូ បៃឌិន ក៏ជាប្រធានាធិបតីអាមេរិកទី២ដែរដែលបានមកចូលរួមប្រជុំអាស៊ាននៅកម្ពុជា។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺជាឥស្សរជនតំណាងរាជរដ្ឋាភិបាលកម្ពុជាដែលបានទៅទទួលបដិសណ្ឋារកិច្ចឯកឧត្តម ចូ បៃឌិន និងគណៈប្រតិភូអាមរិក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាច្រើនរូបក៏នៅទីនោះដែរ៕

Share.