«ទីម័រឡេស្តេ សូមស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីការស្នើសុំចូល ជាសមាជិកអាស៊ានរបស់ទីម័រឡេស ដែលបានប្រកាសទទួលយកទីម័រឡេស្តេជាសមាជិកទី១១របស់អាស៊ាន»។ នេះជាខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រដ្ឋាភិបាលទីម័រឡេស្ដេ។ ទីម័រអះអាងថាកំពុងទន្ទឹងរង់ចាំធ្វើកិច្ចសហការជាមួយប្រធានអាស៊ានឆ្នាំក្រោយគឺប្រទេសឥណ្ឌូនេស៊ី។

អនាគតសមាជិកទី១១អាស៊ាន​ក៏បានសំដែងក្តីរីករាយក្នុងការបន្តធ្វើការ និងកិច្ចសហការនានាជាមួយ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន និងលេខាធិការដ្ឋានអាស៊ានឆ្ពោះទៅកាន់ការរៀបចំផែនទីបង្ហាញផ្លូវ ក៏ដូចជាការត្រៀមលក្ខណៈចូលជាសមាជិកពេញសិទ្ធរបស់ទីម័រឡេស្តេ ដោយរួមបញ្ចូលទាំងការឈានទៅសម្រេចបាននូវសមិទ្ធិផលសំខាន់នានា ដែលបានកំណត់ដោយរបាយការណ៍ស្វែងយល់ការពិតទាំងបីរបស់អាស៊ាន។

របាយការណ៍ស្វែងយល់ការពិតទាំងបីរបស់អាស៊ាន គឺជារបាយការណ៍ដែលក្រុមការងារសម្របសម្រួលអាស៊ាន ផ្ដោតលើការស្វែងយល់ពីស្ថានភាពរបស់ទីម័រឡេស្តេ ពាក់ព័ន្ធនឹងសសរស្ដម្ភទាំង៣របស់អាស៊ាន គឺសហគមន៍​សន្តិសុខ-​នយោបាយ សហគមន៍​សេដ្ឋកិច្ច និង​សហគមន៍​សង្គម-វប្បធម៌។ កម្ពុជា បានប្រឹងប្រែងណាស់ដើម្បីជួយទីម័រសម្រេចការងារនេះ។ នេះបើតាមឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា។

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ ទីម័រឡេស្តេ បានលើកសំណើរទៅកាន់អាស៊ានក្នុងន័យដើមថា«យើងស្នើសុំប្រទេសសមាជិកអាស៊ានទាំងអស់ ផ្ដល់នូវឋានៈជាសមាជិកអាស៊ានពេញសិទ្ធដល់ទីម័រឡេស្តេក្នុងឆ្នាំ២០២៣ បន្ទាប់ពីការត្រៀមលក្ខណៈអស់រយៈពេល១១ឆ្នាំ និងការអនុម័រនូវផែនទីចង្អុលបង្ហាញផ្លូវ និងរបាយការណ៍ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។

ទីម័របន្តថា«យើងសូមទទួលស្គាល់ និងសូមសំដែងនូវការអរគុណចំពោះការបន្តរផ្តល់ជំនួយ និងការគាំទ្រ ដោយពេញលេញពីប្រទេសសមាជិកអាស៊ាន ជាពិសេសចំពោះព្រះរាជាណាចក្រកម្ពុជា សម្រាប់ការគាំទ្រឥតងាក ក៏ដូចជាការកោតសរសើរចំពោះបណ្តាប្រទេសជាដៃគូខាងក្រៅ សម្រាប់ការផ្តល់ជំនួយកសាងសមត្ថភាពនានា។

អាស៊ានត្រូវបានបង្កើតឡើងដោយរដ្ឋជាសមាជិកដំបូង៥ប្រទេសក្នុងឆ្នាំ ១៩៦៧ រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង ថៃ មុននឹងបន្តទទួលសមាជិកថ្មី៥ទៀត រួមមានប្រ៊ុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និង កម្ពុជា។ ទីម័រឡេស្តេ គឺជារដ្ឋថ្មីមួយដែលទទួលបានឯករាជ្យពីឥណ្ឌូនេស៊ី។ ឥណ្ឌូនេស៊ីគឺជាប្រទេសកាន់តួនាទីប្រធានអាស៊ានឆ្នាំ២០២៣ខាងមុខនេះ៕

Share.