ឯកឧត្តម ស៊ែរហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី អញ្ជើញមកដល់ព្រះលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅក្រកម្ពុជា។

នេះជាលើកទី២ហើយក្នុងឆ្នាំ២០២២នេះ ដែលរដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានអញ្ជើញមកប្រជុំអាស៊ាននៅកម្ពុជា ដោយលើកទី១គឺជាវត្តមានមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសរុស្ស៊ី។ ការមកដល់របស់ឯកឧត្តមប្រមុខការទូតរុស្ស៊ី គឺប្រមាណ១ម៉ោងប៉ុណ្ណោះក្រោយការមកដល់របស់ប្រធានាធិបតីអាមេរិក។

អ្នកតាមដានកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ កំពុងរង់ចាំមើលថាក្រៅចូលរួមកិច្ចប្រជុំពាក់ព័ន្ធជាមួយអាស៊ានហើយនោះ តើរដ្ឋមន្រ្តីការបរទេសរុស្ស៊ីនឹងជំនួបទ្វេភាគីមួយឥស្សរជនបរទេសរូបណាទៀត ពិសេសតើអាចមានលទ្ធភាពដើម្បីជួបគ្នាជាមួយរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលើទឹកដីកម្ពុជាដែរឬយ៉ាងណា។

សម្រាប់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន បានប្រកាសត្រៀមលក្ខណៈរួចជាស្រេចហើយក្នុងការជួយសម្របសម្រួលគ្រប់បែបយ៉ាង ប្រសិនបើមានសំណើរពីភាគីណាមួយដើម្បីចូលរួមដោះស្រាយការប្រឈមមុខដាក់គ្នាដោយសង្គ្រាមរវាងរុស្ស៊ីដែលចូលទៅឈ្លានពានអ៊ុយក្រែន។ នេះបើតាមឯកឧត្តម គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំអាស៊ានឆ្នាំ២០២២។

ឯកឧត្តម គង់​ ភោគ បានបន្តថាកម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កលក្ខណៈឱ្យគ្រប់ភាគីបានផ្លាស់ប្ដូរយោបល់គ្នា និងថា«ម្យ៉ាងវេទិកាទាំងអស់ដែលអាស៊ាននឹងរៀបចំក្នុងប៉ុន្មានថ្ងៃខាងមុខក៏វាជាវេទិកាដ៏ល្អសម្រាប់ភាគីពាក់ព័ន្ធប្រើប្រាស់ក្នុងការផ្លាស់ប្ដូរយោបល់ ក៏ដូចជាលើកយកនូវចំណុចខ្វែងគំនិតគ្នា ហើយស្វែងរកដំណោះស្រាយ នេះជាក្ដីសង្ឃឹមរបស់យើង ហើយយើងត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសម្របសម្រួល»៕

Share.