ដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញមិនទាន់ចប់ផង សេចក្ដីប្រកាសព័ត៌មានស្ដីពីដំណើរបំពេញទស្សនកិច្ចនៅក្រៅប្រទេសបានធ្លាក់មកទៀតហើយ ដោយនៅមួយថ្ងៃក្រោយបញ្ចប់កិច្ចប្រជុំនៅថ្ងៃទី១៣ ខែវិច្ឆិកាស្អែក នៅថ្ងៃទី១៥ខែវិច្ចកា សម្ដេចនឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅប្រជុំកំពូលG20នៅប្រទេសឥណ្ឌូនេស៊ី និងបន្តទៅចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅប្រទេសថៃរហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សម្រាប់កិច្ចប្រជុំកំពូលG20 សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំ២០២២។

ក្រោមមូលបទនៃភាពជាប្រធាន G20 របស់ឥណ្ឌូណេស៊ី ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញកាន់តែរឹងមាំ សម្តេចតេជោ នឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅ នៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺ រាតត្បាត។ សម្ដេចក៏នឹងចូលរួមកម្មវិធីអាហារពេលល្ងាចក្រៅផ្លូវការ ដែលរៀបចំដោយឯកឧត្តមប្រធានាធិបតីបារាំង ហើយរំពឹងថានឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយប្រមុខគណៈប្រតិភូមួយចំនួន។

ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលនៅឆ្នាំនេះ បង្ហាញពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងនិម្មាបនកម្មតំបន់ និងការប្តេជ្ញាចិត្តរបស់ប្រធានអាស៊ានបច្ចុប្បន្ន ក្នុងការបន្ស៊ី និងបញ្ចូលគ្នារវាងអាទិភាព សំខាន់ៗរបស់អាស៊ានជាមួយនឹងអាទិភាពនានារបស់វេទិកាតំបន់ និងអន្តរជាតិផ្សេងទៀត ឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទាំងនេះគឺជាការគូសបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា សម្រាប់បេសកម្មសម្ដេចតេជោក្នុងកិច្ចប្រជុំG២០។

ចំណែកកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំAPECវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាភ្ញៀវរបស់ប្រធានកិច្ចប្រជុំកំពូល នឹងអញ្ជើញចូលរួមកិច្ចប្រជុំនេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃប្រទេសថៃ ហើយក្នុងឋានៈជាប្រធានអាស៊ាន សម្ដេចនឹងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចសន្ទនាក្រៅផ្លូវការនេះ ដោយផ្តោតលើការរីកចម្រើនប្រកបដោយចីរភាព។

ក្រសួងបន្តថា សម្តេចតេជោ ក៏នឹងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំទី២ ស្តីពី «ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយចីរភាពរវាង APEC និងដៃគូពាណិជ្ជកម្ម»។ បទអន្តរាគមន៍របស់សម្តេចតេជោ នឹងរួមចំណែកដល់កិច្ចពិភាក្សាស្តីពីការរីកចម្រើនប្រកបដោយចីរភាព និងការបង្កើនកិច្ចសហប្រតិបត្តិការរវាង APEC និងដៃគូខាងក្រៅរបស់ខ្លួន ស្របតាមមូលបទ APEC ឆ្នាំ២០២២ «ការបើកចំហរ ការតភ្ជាប់ និងតុល្យភាព»។

គួរកត់សម្គាល់ថា ក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលAPEC សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ APEC ផ្សេងទៀតនឹងអញ្ជើញចូលគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រថៃ និងសម្ដេចព្រះមហាក្សត្រី ស៊ុធីតា ផាត់ឆៈរៈស៊ុថាភិម៉ុនឡាក់សៈណៈក្នុងព្រះបរមរាជវាំង។ សម្ដេចក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតី បារាំង Emmanuel MACRON នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ផងដែរ៕

Share.