ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងស្វែងរកមធ្យោបាយដើម្បីគ្រប់គ្រង និង រារាំងទីក្រុង ព្យុងយ៉ាង ក្នុងការសាកល្បងមីស៊ីល នៅក្នុងកិច្ចពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងត្បូង និង ជប៉ុន នាថ្ងៃ អាទិត្យ ទី ១៣ ខែ វិច្ឆិកា មួយថ្ងៃមុនពេលជំនួបកំពូលជាមួយប្រធានាធិបតីចិន លោក Xi Jinping។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អាទិត្យ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២។

សេតវិមាននិយាយថា លោក បៃដិន នឹងដាក់សម្ពាធដល់ប្រទេសចិនដើម្បីទប់ស្កាត់សកម្មភាពរបស់ទីក្រុង ព្យុងយ៉ាង នៅពេលដែលលោកជួបប្រជុំទល់មុខគ្នាជាលើកដំបូងជាមួយប្រធានាធិបតីចិន នៅថ្ងៃ ច័ន្ទ ទី ១៤ ខែ វិច្ឆិកាខាងមុខនេះ នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេស ឥណ្ឌូណេស៊ី។

សេតវិមានបានឲ្យដឹងថា នាព្រឹកថ្ងៃ អាទិត្យ ក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា លោក បៃដិន បានជួបសមភាគីកូរ៉េខាងត្បូង លោក Yoon Suk-yeol និង នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida ដើម្បីពិភាក្សាអំពីវិធីដោះស្រាយការគំរាមកំហែងដែលបង្កឡើងដោយ «កម្មវិធីអាវុធប្រល័យលោក ​និង កម្មវិធីមីស៊ីលផ្លោងខុសច្បាប់» របស់កូរ៉េខាងជើង។

កិច្ចប្រជុំ ៣ផ្លូវ នៅក្រៅកិច្ចប្រជុំកំពូលអាស៊ីបូព៌ាក្នុងទីក្រុង ភ្នំពេញ ធ្វើឡើងបន្ទាប់ពីការសាកល្បងមីស៊ីលជាច្រើនគ្រាប់ដ៏ព្រឺព្រួច ដោយកូរ៉េខាងជើងកាលពីដើមខែនេះ រួមទាំងមីស៊ីលអន្តរទ្វីបផងដែរ។

ខណៈទីក្រុង ព្យុងយ៉ាង បានបង្កើនការបាញ់បង្ហោះរបស់ខ្លួនជាការឆ្លើយតបនឹងសមយុទ្ធផ្លូវអាកាសទ្រង់ទ្រាយធំរវាងអាមេរិក និង កូរ៉េខាងត្បូង ដែលកូរ៉េខាងជើងបានពណ៌នាថា ជាការឈ្លានពាន ​និង បង្កហេតុ។

យ៉ាងណាម៉ិញ លោក បៃដិន នឹងប្រើប្រាស់កិច្ចពិភាក្សាដែលត្រូវបានឃ្លាំមើលយ៉ាងម៉ត់ចត់របស់លោក ជាមួយនឹងលោក ស៊ី ជីងពីង នៅថ្ងៃ ច័ន្ទ ដើម្បីជំរុញប្រទេសចិនឲ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងនាមជាសម្ព័ន្ធមិត្តដ៏សំខាន់របស់កូរ៉េខាងជើង លួងលោមលោក គីម ជុងអ៊ុន ឲ្យបន្ថយកំហឹង និង ប្រាប់លោក គីម ជុងអ៊ុន កុំឲ្យធ្វើអ្វីតាមតែអំពើចិត្ត។

ទន្ទឹមនោះ ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា ប្រធានាធិបតីអាមេរិក នឹងមិនធ្វើការទាមទារអ្វីទេ ប៉ុន្ដែលោកនឹងព្រមានប្រធានាធិបតីចិន ថា ការបង្កើនមីស៊ីល និង នុយក្លេអ៊ែរ បន្ថែមទៀតគឺមានន័យថា សហរដ្ឋអាមេរិកនឹងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ចំនួន៦ ជាអ្វីដែលទីក្រុង ប៉េកាំងប្រឆាំងយ៉ាងជូរចត់។

លោក Sullivan បន្ដថា «កូរ៉េខាងជើងតំណាងឲ្យការគំរាមកំហែង មិនត្រឹមតែចំពោះសហរដ្ឋអាមេរិក មិនត្រឹមតែចំពោះកូរ៉េខាងត្បូង និង ជប៉ុន ប៉ុណ្ណោះទេ ប៉ុន្ដែសម្រាប់សន្ដិភាព និង ស្ថិរភាព នៅទូទាំងតំបន់ទាំងមូលតែម្ដង»។

សូមជម្រាបថា គម្លាតបំបែកកំណត់ត្រានៃការបាញ់បង្ហោះមីស៊ីលដោយកូរ៉េខាងជើង ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បានធ្វើឲ្យមានការភ័យខ្លាចនៃការកើនឡើងរបបផ្ដាច់មុខ ខណៈការធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៧ របស់ខ្លួនអាចកើតមានឆាប់ៗនេះ៕

ប្រភព៖ CNA

Share.