ពីវេទិកាអធិបតីនៃពីធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន បានឆ្លៀតប្រើសុន្ទរកថាចុងក្រោយ ថ្លែងអញ្ជើញមេដឹកនាំអាស៊ានមកកម្ពុជាជាថ្មីម្ដងទៀតនៅឆ្នាំ២០២៣ខាងមុខនេះ។

«សូមអញ្ជើញថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ចូលរួមបើកកម្មវិធីប្រកួតកីឡាស៊ីហ្គេមជាផ្លូវការលើកទី៣២ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ និងពិធីបើកកម្មវិធីប្រកួតកីឡាប៉ារ៉ាហ្គេមអាស៊ាន លើកទី ១២ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣»។ នេះសម្រង់សុន្ទរកថាសម្ដេចតេជោ នៅចំពោះមុខមេដឹកនាំអាស៊ាន។

ឆ្នាំ២០២២ គឺជាលើកទី៣ដែលកម្ពុជាធ្វើជាប្រធានអាស៊ានប្ដូរវេន។ ប្រជុំកំពូលអាស៊ាននៅភ្នំពេញ៤ថ្ងៃមកនេះ ក៏ជាទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់កម្ពុជា និងអាស៊ានទាំងមូល ដ្បិតប៉ុន្មានឆ្នាំចុងក្រោយមកនេះ កិច្ចប្រជុំអាស៊ានធ្វើឡើងក្រោមបន្ទាត់ប្រយ័ត្នប្រយែងនឹងជំងឺកូវីដ-១៩យ៉ាងតឹងរឹងបំផុត។

កម្ពុជាធ្វើប្រធានអាស៊ាន៣ដង ប៉ុន្តែសម្រាប់ ស៊ីហ្គេម វិញ កម្ពុជាទើបមានឱកាសទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខនេះទេ។ សម្ដេចតេជោ ហ៊ុន សែន បានទាញការចាប់អារម្មណ៍អង្គពិធីនៅថ្ងៃនេះថា ព្រឹត្តិការណ៍ស៊ីហ្គេមជាសមិទ្ធផលមួយទៀតសម្រាប់សាមគ្គីភាព កិច្ចខិតខំប្រឹងប្រែង និងមិត្តភាពរបស់អាស៊ាន៕

Share.