នគរបាលក្រុងបាត់ដំបងបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ជាមុខសញ្ញាដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុង។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១កន្លងមកនេះលោកបានបញ្ជាឲ្យកម្លាំងជំនាញចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ រួមទាំងវត្ថុតាងមួយចំនួនផងដែរ។

ការបង្ក្រាបធ្វើឡើងលើនៅ ២ទីតាំងផ្សេងគ្នាជាករណីលួចមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅត្រង់ចំណុចក្រុមទី ០៨ ក្នុងភូមិសាលាបាឡាត់សង្កាត់អូរម៉ាល់ និងនៅក្នុងក្រុមទី ៣៤ ភូមិដាំស្ពៃ  សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

   ជនសង្ស័យមានឈ្មោះស៊ុប រ៉នីភេទប្រុស  អាយុ ៣០ឆ្នាំ  មានទីលំនៅស្ថិតនៅក្នុងភូមិដាំស្ពៃ និងម្នាក់ទៀតឈ្មោះអ៊ិន សំអាង ហៅប៉ាវ ភេទប្រុស  អាយុ ២៨ឆ្នាំ  មានទីលំនៅស្ថិតនៅភូមិសាលាបាឡាត់សង្កាត់អូរម៉ាល់។ ចំណែកវត្ថុតាងដែលដកហូតបានក្រោយការបង្ក្រាបរួមមាន: ម៉ាស៊ីនខ្យល់សម្រាប់ដេញរំលាយមាសចំនួន ០១គ្រឿង និងរទេះសម្រាប់ដឹកជញ្ជូនសម្ភារ:ដែលលួចបានចំនួន ១ផងដែរ។

ពេលនេះទាំងជនសង្ស័យ  ទាំងវត្ថុត្រូវផ្នែកជំនាញអនុវត្តរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទ ៖ដំបងក្រញូង

Share.