កីឡា​ការិនី​អត់ទាន់​មាន​ចំណាត់​ថ្នាក់ Barbora Krejčíková ជនជាតិ​ឆែក បាន​ឈ្នះ​ជើង​ឯក​ពានរង្វាន់​វាយ​កូនបាល់​អន្តរជាតិ 2021 French Open វិញ្ញាសា​ឯកត្តជន​នារី ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​បារីស ប្រទេស​បារាំង ក្រោយ​យក​ឈ្នះ​លើ​កីឡា​ការិនី ​Anastasia Pavlyuchenkova របស់​រុស្ស៊ី ដោយ​លទ្ធផល​ ៦-១,២-៦ និង​៦-៤។

តាម​ពិត​កីឡា​ការិនី Barbora Krejčíková ធ្លាប់​ឡើង​ឈរ​លេខ១​ពិភពលោក ផ្នែក​វាយ​គូ​នារី តាំង​ពី​ឆ្នាំ​២០១៨ មក​ម៉្លេះ ហើយ​ធ្លាប់​សហការ​ជាមួយ​ដៃ​​គូ​ឈ្នះ​ជើង​ឯក​វាយ​គូ​នារី 2018 French Open និង 2018 Wimbledon ខណៈ​វាយ​គូ​ចម្រុះ (បុរស-នារី) ធ្លាប់​ឈ្នះ​ជើង​ឯក Australian Open ឆ្នាំ​២០១៩,​២០២០ និង​២០២១ ផងដែរ។ តែ​ចូល​ដល់​ឆ្នាំ​២០២១ កីឡា​ការិនី​វ័យ​២៥​ឆ្នាំ​រូប​នេះ​ប្តូរ​ទៅ​លេង​វិញ្ញាសា​ឯកត្តជន​ផង និង​វិញ្ញាសា​វាយ​គូ​នារី ទៀត​ផង។

អត្ថបទពាក់ព័ន្ធ៖កីឡាករDjokovic ឡើង​​​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ទី២ ខណៈ​​កីឡា​ការិនី​អត់​ចំណាត់​​ថ្នាក់​ម្នាក់​ឡើង​ដែរ

ក្រោយ​ឈ្នះ​ជើង​ឯក​វាយ​ឯកត្តជន​នារី Barbora Krejčíková និង​មិត្តរួម​ជាតិ Kateřina Siniaková ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​វិញ្ញាសា​វាយ​គូ​នារី មួយ​ទៀត ជាមួយ​កីឡា​ការិនី Bethanie Mattek-Sands របស់​​អាមេរិក ជាមួយ​Iga Świątek របស់​ប៉ូឡូញ លើ​ទីលាន​ Roland Garros Stadium។

«ខ្ញុំ​ពិត​ជា​រីករាយ​មែន​ទែន​ដែល​​ក្តី​សុបិន្ដ​​បាន​ក្លាយ​ជា​ការ​ពិត តែ​វា​ពិត​ជា​ត្រេកត្រអាល​ខ្លាំង​បើ​សិន​ខ្ញុំ​អាច​​សាង​ប្រវត្តិសាស្ត្រ​ឈ្នះ​​ជើង​ឯក​៣ វិញ្ញាសា​ផ្សេង​គ្នា នៅ Grand Slamនេះ​បាន។ ពិត​ជា​មិន​គួរ​ឱ្យ​ជឿ​មែន»។ កីឡា​ការិនី Barbora Krejčíková លើក​ឡើង។

*Grand Slam គឺ​សំដៅ​លើ​​ព្រឹត្តិការណ៍​វាយ​កូន​បាល់​អន្តរជាតិ​​ធំៗ​ចំនួន ​៤ លើលោក ដែល​ក្នុង​នោះ​មាន Australian Open (នៅ​អូស្ត្រាលី) Wimbledon (អង់គ្លេស) និង US Open (នៅ​អាមេរិក) និង French Open (នៅបារាំង)៕

Telegram-Troryorng
Share.