ត្បូងឃ្មុំ៖ ក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំប្រចាំខែ និងប្រកាសកែសម្រួលសមាសភាពក្រុមការងារជាក្បាលម៉ាសុីនដឹកនាំចំនួន១១៨រូប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាល់យុវជនគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ និងជាប្រធានគណៈចលនាមហាជនខេត្តត្បូងឃ្មុំ ។


មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានយុវជនគណបក្សខេត្ត បានលើកឡើងថា ឋានៈ តួនាទី ត្រឹមជាក្រដាស់១សន្លឹក នៃសំបកខាងក្រៅប៉ុណ្ណោះ រឿងដែលសំខាន់នោះ ឆន្ទៈ បេះដូង ការស្រលាញ់ គាំទ្រ ចេញពីបេះដូងពិត បង្កើនសមត្ថភាព លទ្ធភាព យកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារ ជូនបក្ស ពិសេសគោលដៅសំខាន់បំផុតនោះគឺ «សន្លឹកឆ្នោត» ។


ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់ក្បាលម៉ាសុីនយុវជនគណបក្សខេត្ត ត្រូវបន្តសាមគ្គីភាពផ្ទៃក្នុង ពង្រឹងរចនាសម្ព័ន្ធ កសាងពង្រីកសមាជិក ជាពិសេស រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានណែនាំឲ្យក្រុមការងារទាំងអស់ត្រូវបន្តចុះបញ្ជ្រាបគោលនយោបាយរបស់គណបក្ស ក៏ដូចជាយុវជនគណបក្សថ្នាក់កណ្តាលដល់សមាជិកទាំងអស់ និងបន្តបញ្ជ្រាបដល់ពលរដ្ឋក្នុងមូលដ្ឋានឲ្យបានជ្រួតជ្រាបដល់ក្រអៅបេះដូង ។


ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ប្រធានយុវជនគណបក្សខេត្ត ជំរុញឲ្យសមាជិកទាំងអស់ ត្រូវចុះពង្រឹងជួយតាមមូលដ្ឋាន ក្តាប់ឲ្យបានរាល់បញ្ហាប្រឈម សំណើរសំនូមពរចាំបាច់របស់ពលរដ្ឋ យកមកដោះស្រាយ ក្តាប់ឲ្យបាននូវសតិអារម្មណ៍ ទាញយកសន្តានចិត្តប្រជាពលរដ្ឋ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យកជ័យជំនះក្នុងការបោះឆ្នោតនាឆ្នាំ២០២៣ខាងមុខនេះ ៕

អត្ថបទ៖ សាន វីឡេម

Share.