សិល្បៈជាតិ៖ តារាសម្ដែងរូបស្រស់ ស៊ីន យូប៊ីន ទើបតែប្រកាសមុននេះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន អះអាងថានាងនឹងមិនយកប្ដីនោះទេ បើសិនរឿងថ្មីរបស់ខ្លួនមិនប្លែក មិនកំប្លែង សើចនោះ។
ស្រីស្អាតដែលជាតារាសម្ដែងដ៏ល្បីរូបនេះបានបង្ហោះរូបជាច្រើនសន្លឹកជាមួយនឹងរៀមច្បង ទេព រិន្ទដារ៉ូ ដែលក្នុងនោះក៏មានតារាសម្ដែង លឹម ជាឡាយផងដែរ។ រូបភាពនិងសកម្មភាពផ្សេងៗរបស់តារាស្រីរូបនេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនៅពេលសាមីខ្លួនភ្ជាប់ជាមួយនឹងខ្លឹមសារថា៖ «តើអ្នកណាមួយជាម្ចាស់បេះដូងអូន…ក្នុងខ្សែភាពយន្តថ្មីនេះ? មិនប្លេក មិនសើច មិនយកប្ដីសុខចិត្តនៅ Single ដល់ចាស់»
នៅក្នុងនោះអ្នកគាំទ្ររបស់កញ្ញាបានចូលមកបញ្ចេញមតិឆ្លើយតបទៅនឹងអ្វីដែលកញ្ញាលើកឡើងថា ប្រាកដជាល្អមើលហើយព្រោះអីកញ្ញា ស៊ីន យូប៊ីន ដល់ថ្នាក់ហ៊ាននិយាយបែបនេះ ខណៈដែលអ្នកគាំទ្រគូកញ្ញានិងលោក ខាត់ វ៉ៃហាំង ក៏ចូលមកទាមទារឱ្យរឿងថ្មីនេះកញ្ញានៅតែចាប់គូសម្ដែងជាមួយនឹងដៃគូចាស់។
យ៉ាងណាមិញក៏មានអ្នកសម្ដែងអារម្មណ៍រីករាយហើយលើកឡើងថាចង់ឃើញកញ្ញាចាប់ដៃគូជាមួយនឹង លោក លឹម ជាឡាយ យូរហើយ ប៉ុន្តែក៏នៅតែមានអ្នកលើកឡើងថារឿងថ្មីនេះ តួឯកប្រុសរបស់កញ្ញាគឺជា ប្រុសខួច ព្រោះបុរសសង្ហារូបនេះក៏មានវត្តមាននៅក្នុងការសម្ដែងនោះដែរ នេះបើមើលទៅតាមរូបថតដែលកញ្ញាបានបង្ហោះ។
ទោះជាមានការលើកឡើងផ្សេងៗគ្នាពាក់ព័ន្ធទៅនឹងតួឯកប្រុសដែលនឹងត្រូវចាប់ដៃគូសម្ដែងជាមួយនឹងកញ្ញា ស៊ីន យូប៊ីន ប៉ុន្តែគេនៅមិនទាន់ដឹងនៅឡើយទេថា រឿងថ្មីនេះ លឹម ជាឡាយ ប្រុសខួច ឬខាត់ វ៉ៃហាំង គឺជាតួឯកប្រុសរបស់កញ្ញា ដូច្នេះមានចាំតាមដានទាំងអស់គ្នាទៀត តើអ្នកណាគឺជាម្ចាស់បេះដូងរបស់តួឯកស្រីក្នុងរឿងថ្មីនេះ៕