សិល្បៈអន្តរជាតិ៖ ពិធីករស្បែកស្រគាំ Jerrod Carmichael បានធ្វើឱ្យអ្នកទស្សនាផ្ទុះការមិនពេញចិត្តជាទម្ងន់ នៅពេលលើកយកករណីដែល Will Smith ទះកំផ្លៀង Chris Rock អស់មួយទំហឹងនាអំឡុងកម្មវិធីប្រគល់ពានរង្វាន់អូស្ការកាលពីឆ្នាំ២០២២។
នៅក្នុងកម្មវិធីដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះករកាលពីល្ងាចថ្ងៃទី១០ ខែមករា Jerrod Carmichael បានប្រាប់មិត្តរួមការងាររបស់ខ្លួនថាខ្លួនត្រលប់មកឆាកឡើងវិញហើយ «ក្នុងអំឡុងពេលសម្រាកពាណិជ្ជកម្ម យើងបានប្រគល់ពានរង្វាន់ Rock Hudson Honor Award ដល់ Will Smith សម្រាប់ការបង្ហាញភាពជាបុរសដ៏ឆ្នើមរបស់គាត់នៅលើកញ្ចក់ទូរទស្សន៍។ សូមផ្តល់សំឡេងទះដៃដល់គាត់។»
យ៉ាងណាមិញពាក្យសម្ដីលេងសើចរបស់ MC រូបនេះដូចជាមិនទទួលបានការគាំទ្រពីអ្នកចូលរួមនោះឡើយ ជាពិសេសនៅពេលដែលលោកយករឿងលេងសើចបែបនេះមកនិយាយនៅក្រោយពេលដែលអ្នកដឹកនាំល្បី Ryan Murphy បានថ្លែងពីសារសំខាន់នៃការនាំយករូបភាពនៃសហគមន៍ LGBT មកកាន់ប្រព័ន្ធផ្សព្វផ្សាយ។
«រឿងនេះបានកើតឡើងជិតមួយឆ្នាំហើយ រឿងដែល Chris Rock និយាយពាក្យលេងសើចចំពោះ Jada Pinkett Smith ជ្រុះសក់ ចំណែក Will Smith ក៏បានចេញមកសុំទោសជាសាធារណៈភ្លាមៗដែរ ហើយរឿងនេះក៏មិនមានអ្នកគេចាប់អារម្មណ៍ទៀតដែរ» នេះគឺជាការលើកឡើងរបស់អ្នកដែលមិនគាំទ្រចំពោះការលើករឿងកំប្លែងមិនស្គាល់កាលៈទេសៈមកនិយាយ។
អ្នកប្រើប្រាស់បណ្ដាញសង្គម Twitter បានរិះគន់ចំពោះពិធីកររូបនេះថា«ពីមុនមកខ្ញុំមិនដែលឃើញអ្នកណាលើកយករឿងដែលមិនកំប្លែងបែបនេះសោះ ប៉ុន្តែអ្នកកំប្លែងនៅតែប្រឹងយកមកសម្ដែងបន្តលើឆាក» «ហេតុអីគាត់ចូលចិត្តយករឿងរបស់ Will Smith មកកំប្លែងម្ល៉េះ? អត់ប្រយោជន៍» «កម្មវិធី The 2023 Golden Globe អត់បានការ។ លើកលែងឱ្យ Will smith ទៅ»។
Jerrod Carmichael កើតនៅឆ្នាំ១៩៨៧ ក្នុងគ្រួសារអាមេរិកដ៏ក្រីក្រមួយ លោកទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារសមត្ថភាពនិយាយកំប្លែងបែបទោល ហើយក្រោយមកទៀតលោកបានចូលរួមសហការបង្កើតកម្មវិធីកំប្លែង The Carmichael Show បានពីរឆ្នាំគឺ2015-2015។ តារារូបនេះមិនលាក់បាំងឡើយថាខ្លួនគឺជាហ្គេ ហើយលោកក៏ចូលរួមយ៉ាងសកម្មភាពក្នុងចលនាទាមទារសិទ្ធិរបស់ជនជាតិស្បែកខ្មៅនៅអាមេរិកផងដែរ៕