សិល្បៈអន្តរជាតិ៖ R’Bonney Gabriel ដែលរងការចោទប្រកាន់ថាឈ្នះមកុដ Miss USA ដោយសារខ្សែ (Connection) និងការរៀបចំទុកជាមុន បានផ្ទេរមកុដ Miss USA ឱ្យទៅបេក្ខនារីផ្សេងក្រោយខ្លួនឈ្នះមកុដ Miss Universe ឆ្នាំនេះ។
ម្ចាស់ជយលាភី Miss Universe កញ្ញា R’Bonney Gabriel បានប្រគល់មកុដឱ្យទៅកញ្ញា Morgan Romano បវរកញ្ញាមកពីកាលីហ្វ័រញ៉ាខាងជើង ជាម្ចាស់មកុដថ្មី ក្រោយកញ្ញារងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរពីគណៈកម្មការប្រកួតអាមេរិក។
យោងតាមប្រភពពីក្នុង កម្មវិធីប្រគល់មកុដនេះនឹងរៀបចំឡើងនៅសកលវិទ្យាល័យ Auburn ក្នុងអំឡុងពេលប្រកួតវគ្គប្រកួតបឋមនៃកម្មវិធី Miss Alabama Teen USA និង Miss Alabama USA ឆ្នាំ២០២៣។
ដោយសារ R’Bonney ឈ្នះមកុដ Miss Universe ដូច្នេះបេក្ខនារីរងលំដាប់ទីមួយកញ្ញា Morgan នឹងឡើងគ្រងតំណែងជំនួស R’Bonney ក្នុងនាមជា Miss USA។ បវរកញ្ញា USA ថ្មីនេះគឺជាវិស្វករគីមីនិងបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង។ ក្រោយត្រូវបានតែងតាំងតំណែងជា Miss USA កញ្ញាបានចែករំលែកសារនៅលើ Instagram ថា «នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។»
សារព័ត៌មាន Insider ធ្លាប់បានចុះផ្សាយកន្លងមកថានៅពេលដែល Gabriel ឈ្នះមកុដ Miss USA កាលពីខែ តុលា ឆ្នាំ២០២២ បេក្ខនារីដែលចូលរួមប្រកួតជាច្រើនបានដើរចុះពីលើឆាក មិនបាននាំគ្នាទៅចូលរួមអបអរចំពោះជ័យជំនះរបស់កញ្ញានោះឡើយ។ បវរកញ្ញាជាច្រើនដូចជា Missouri, Mikalam McGhee ថ្លែងប្រាប់ Insider ថាពួកនាងមានអារម្មណ៍ថាការប្រកួតនេះបានរៀបចំទុករួចជាស្រេចតាំងពីដំបូងដើម្បីឱ្យ R’Bonney ឈ្នះមកុដ ដូច្នេះទោះជាអ្នកណាមកប្រកួតក៏លទ្ធផលនៅតែដដែល។
ចំពោះករណីខាងលើនេះសារព័ត៌មាន Insider បានព្យាយាមទំនាក់ទំនងដើម្បីសុំការបកស្រាយនិងបំភ្លឺប៉ុន្តែតំណាងអង្គភាព Miss USA មិនបានឆ្លើយតបភ្លាមៗនោះឡើយ។ ម្ចាស់មកុដ Miss Universe បានថ្លែងប្រាប់ Insider ក្រោយពេលដែលខ្លួនឈ្នះមកុដថា នាងមានអារម្មណ៍ថាការចោទប្រកាន់ចំពោះនាងនេះធ្វើឱ្យនាងវង្វេងវង្វាន់ខ្លាំង។
បវរកញ្ញារូបនេះកាន់តែរងសម្ពាធនិងការចោទប្រកាន់ខ្លាំងថែមទៀតនៅពេលដែលប្រធានាធិបតីប្រទេសវេណេហ្សូអេឡា លោក Nicolasបានឡើងថ្លែងនៅក្នុងជំនួបជាមួយនឹងយោធាក្នុងខែមករាដោយលើកឡើងថា «មកុដ Miss Universe ត្រូវបានគេលួចពីបវរកញ្ញាលំដាប់រងទីមួយ Amanda Dudamel ដែលជាបវរកញ្ញាតំណាងឱ្យវេណេហ្សូអេឡា»
យ៉ាងណាមិញ Amy Emmerich ប្រធានប្រតិបត្តិអង្គភាព Miss Universe បានចេញមកថ្លែងការពារបវរកញ្ញា Gabriel នៅក្នុងការផ្ដល់សម្ភាសន៍មួយដល់កាសែត Los Angeles Times កាលពីថ្ងៃចន្ទទី១៨ ខែមករាកន្លងទៅថា សូមផ្ដោតលើភាពរឹងមាំនិងការលះបង់របស់អ្នកចូលរួមប្រកួត និងសិទ្ធិសម្រេចរបស់កម្មវិធី Miss Universe។
ទោះជាមានបញ្ហាចម្រូងចម្រាសច្រើនក្ដីប៉ុន្តែអ្នកគាំទ្រកញ្ញានៅតែយល់ស្របចំពោះការកាត់សេចក្ដីរបស់គណៈកម្មការព្រោះបវរកញ្ញាមានឈាមផ្សំរវាងហ្វីលីពីននិងអាមេរិករូបនេះគឺជានារីមានសមត្ថភាព ទេពកោសល្យ ហើយលេចធ្លោខ្លាំងបំផុតក្នុងចំណោមបេក្ខនារីដែលមកចូលរួមប្រកួតប្រជែងជាមួយគ្នា៕