សិល្បៈអន្តរជាតិ៖ R’Bonney Gabriel បវរកញ្ញាចក្រវាឡឆ្នាំ២០២២និងជាអតីតបវរកញ្ញាអាមេរិកចាំបាច់ត្រូវតែទ្រាំទ្រនឹងភាពជូរចត់ក្នុងឋានៈជាម្ចាស់មកុដរាជិនីសម្រស់ចក្រវាឡដែលមិនទទួលបានការសាទរពីសាធារណជន។
សម្រាប់ R’Bonney Gabriel នៅក្នុងដំណើរដំបូងក្នុងនាមជាម្ចាស់មកុដបវរកញ្ញាហាក់ដូចជាមិនរលូនប៉ុន្មាននោះឡើយ ព្រោះចាប់តាំងពីនាងធ្វើដំណើរទៅដល់ការិយាល័យ JKN Global Group ក្នុងក្រុងបាងកកប្រទេសថៃ គ្រប់យ៉ាងអាចចាត់ទុកបានថាជាការបរាជ័យ។
ក្រុមហ៊ុនដែលមានម្ចាស់ជាមហាសេដ្ឋីភេទទី៣ថៃ Anne Jakrajutatio សង្ឃឹមថាបវរកញ្ញាចក្រវាឡរបស់ខ្លួននឹងទទួលបានការស្វាគមន៍យ៉ាងកុះករពីអ្នកគាំទ្រ ប៉ុន្តែភាពពិតអ្វីដែលជាក្ដីសង្ឃឹមគឺផ្ទុយគ្នាស្រឡះ។
សារព័ត៌មាននានាបានចុះផ្សាយថាការដែលអ្នកច្នៃម៉ូដវ័យ២៨ឆ្នាំនិងជាម្ចាស់តំណែងរាជិនីកំពូលសម្រស់លំដាប់ចក្រវាឡមិនទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រនោះគឺជាភស្តុតាងបញ្ជាក់ច្បាស់ណាស់ថាសាធារណជនមិនពេញចិត្តឬគាំទ្រចំពោះតំណែងដែលនាងបានទទួលនោះឡើយ ព្រោះជោគជ័យរបស់នាងកើតមានបញ្ហាចម្រូងចម្រាសជាច្រើន។
ស្ថាប័នបវរកញ្ញាចក្រវាឡកំពុងប្រឈមមុខបញ្ហាធំមួយទៀត ព្រោះតែមកដល់បច្ចុប្បន្ននេះនៅមិនទាន់មានក្រុមហ៊ុនឬ brand ផលិតផលណាមួយទាក់ទងចង់បាន R’Bonney ទៅថតផ្សព្វផ្សាយពាណិជ្ជកម្មឬចូលរួមក្នុងកម្មវិធីណាមួយនោះឡើយ ដែលបញ្ហានេះគឺជារឿងចម្បងមួយសម្រាប់អាយុជីវិតនៃវេទិកាប្រកួតសម្រស់។
បញ្ហាសំខាន់មួយទៀតដែលធ្វើឱ្យមួយរយៈចុងក្រោយនេះកម្មវិធីប្រកួតសម្រស់បាត់បង់ប្រជាប្រិយភាពនិងការគាំទ្រដោយសារតែម្ចាស់នៃកម្មវិធីចាប់ផ្ដើមមានសិទ្ធិអាទិភាពក្នុងការសម្រេចចិត្តជ្រើសរើសអ្នកឈ្នះដែលនេះគឺជារឿងដែលសាធារណជនមិនសូវពេញចិត្តនោះឡើយ៕
ប្រភព៖ musicmundial.com